ដោយៈ សុខុម
អន្តរជាតិ: បណ្ដាម្ចាស់ជំនួយបរទេស បានសន្យាផ្តល់ជំនួយ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់រុស្ស៊ីបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទ រយៈពេល២ថ្ងៃស្ដីពី ការងើបឡើងវិញរបស់អ៊ុយក្រែន ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយក្នុងនោះចំនួន៥០ពាន់លានដុល្លារ ជាការសន្យាជួយពីសំណាក់សហភាពអឺរ៉ុប ដែលបានប្រកាសកាលពីថ្ងៃអង្គារសប្ដាហ៍មុន និងការសន្យាថ្មីៗពីអង់គ្លេស និងសហរដ្ឋអាមេរិក។
ក្នុងរយៈពេលជិត១៦ខែមកនេះ ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់បញ្ឆេះសង្គ្រាម ចូលឈ្លានពានទ្រង់ទ្រាយធំពេញទំហឹង លំនៅឋាន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ត្រូវបានបំផ្លិចបំផ្លាញ ហើយរដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) ប្រហែលជាត្រូវការពេលរាប់ទសវត្សរ៍ឯណោះ ក្នុងការស្ដារប្រទេសឡើងវិញ។
ធនាគារពិភពលោក (World Bank) បានប៉ាន់ប្រមាណថា អ៊ុយក្រែន នឹងត្រូវការជំនួយរហូតដល់ជាង៤០០ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេសឡើងវិញ ដែលតួលេខនេះកើនឡើងជារៀងរាល់ថ្ងៃ អមដោយមនុស្សស្លាប់យ៉ាងច្រើននៅក្នុងសង្គ្រាម។
ដោយសង្កត់ធ្ងន់ពីទំហំដ៏ធំធេង នៃកិច្ចការស្ដារប្រទេសឡើងវិញនេះ ក្រុមអ្នកការទូត និងថ្នាក់ដឹកនាំនយោបាយ ក្នុងសន្និសីទនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏បានជំរុញឱ្យក្រុមហ៊ុនវិស័យឯកជនជួយបោះទុនវិនិយោគនៅអ៊ុយក្រែនផងដែរ។
លោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានគូសបញ្ជាក់ថា ក្រុមហ៊ុនជិត៥០០មកពី៤២ប្រទេស បានសន្យាថានឹងចូលរួមចំណែក ជួយស្ដារប្រទេសអ៊ុយក្រែនឡើងវិញ។
ងាកមកសហរដ្ឋអាមេរិក បានសន្យាផ្ដល់ជំនួយថ្មីជាង១,៣ពាន់លានដុល្លារបន្ថែមទៀត ដែលក្នុងនោះរួមបញ្ចូលទាំងជាង៥០០លានដុល្លារសម្រាប់ស្ដារ និងកែលម្អបណ្តាញថាមពល របស់ប្រទេសនេះឡើងវិញផងដែរ៕ Aljazeera៕