ភាពជាគំរូៈ មេឃុំបីរូបបង្ហាញអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន

ដោយៈ ហ្វីអូណា

        កំពង់ចាមៈ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ដែលហៅថាគម្រោងមូលនិធិឃុំសង្កាត់ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ថវិកាមកថ្នាក់ក្រោមជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

ការទម្លាក់ថវិកាពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ មានគោលដៅដូចជាការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ការស្ដារប្រឡាយទឹក និងការស្ថាបនាផ្លូវបេតុងជាដើម ក្នុងគោលដៅ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។

លោក ង៉ោ ជោត មេឃុំត្រប់ ស្រុកបាធាយ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ ថា គម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៣៦៥ម៉ែត្រ តម្លៃប៉ាន់ស្មានជាង២៦៨លានរៀល គម្រោងនេះដេញថ្លៃបានដោយក្រុមហ៊ុនអ៊ីម អេន ក្នុងតម្លៃជាង៥៨លានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមេឃុំបញ្ជាក់ថា ផ្លូវបេតុងប្រវែង៣៦៥ម៉ែត្រនោះ ចែកចេញជា២ខ្សែ គឺក្នុងភូមិត្រប់១ខ្សែ និងភូមិថ្មី១ខ្សែ ប៉ុន្តែការស្ថាបនាផ្លូវចូលក្នុងភូមិទាំងពីរ។ មានប្រវែងខ្លី ទើបលោកបានប្រើថវិកា សល់ពីការដេញថ្លៃគម្រោងនេះ ធ្វើការប្រជុំពិភាក្សាជាមួយសហគមន៍ ប្រជាពលរដ្ឋ និងប្រជុំជាមួយគណៈកម្មការលទ្ធកម្ម ក្រុមប្រឹក្សាឃុំទាំងអស់ សម្រេច បន្តគម្រោងផ្លូវនេះឲ្យបានវែងជាងមុន ។

លោកមេឃុំត្រប់បញ្ជាក់ទៀតថា ក្នុងការដេញថ្លៃប្រកួតប្រជែង គឺខាងក្រុមហ៊ុនអ៊ីម អេន អនុវត្តន៍ក្នុងតម្លៃ១ម៉ែត្រការ៉េ៣២,០០០ រៀលសាងសង់រួចខាត។ ប៉ុន្តែក្នុងគម្រោងបន្ត ក្រោយពិនិត្យឃើញថាក្រុមហ៊ុនសាងសង់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទើបគណៈកម្មការលទ្ធកម្ម ក៏ដូចជាសហគមន៍ប្រជាពលរដ្ឋ បានឯកភាពឲ្យក្រុមហ៊ុននោះសាងសង់បន្ត ក្នុងតម្លៃ១ម៉ែត្រការ៉េ១០ម៉ឺនរៀល។

ដោយឡែក លោក ហ៊ល ញ៉ុង មេឃុំសណ្តែក បានឲ្យដឹងដែរថា ឆ្នាំ ២០២៣នេះ នៅភូមិស្រឹង បានស្ថាបនាផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង៥០០ម៉ែត្រ ដាក់ឲ្យដេញថ្លៃទឹកប្រាក់ប៉ាន់ស្មានជាង៣០០ លានរៀល ។ គម្រោងនេះ ដេញថ្លៃបានដោយក្រុមហ៊ុនឆើត ឆេន ក្នុងតម្លៃ ក្នុង១ម៉ែត្រការេ ជាង៣ម៉ឺនរៀលប៉ុន្តែពេលសាងសង់រួចខាត ។

ក្រោយការអនុវត្តរបស់ក្រុមហ៊ុន ម្ចាស់លទ្ធកម្មឃុំនៅសល់កញ្ចប់ថវិកាមួយចំនួនទៀត ដែលត្រូវធ្វើផ្លូវបេតុងបន្តទៅភូមិ ដែលមានអាទិភាពជាងគេ ក្នុងឃុំសណ្តែក ។

បន្ទាប់មកក្រោយពេលប្រជុំពិភាក្សា ជាមួយក្រុមប្រឹក្សាឃុំ ព្រះសង្ឃ តំណាងចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិទាំង៤ រហូតបានឯកភាពគ្នា ឲ្យក្រុមហ៊ុនដដែលសាងសង់ផ្លូវបេតុង បន្ថែមទៀតនៃថវិកាដែលនៅសល់ក្នុងតម្លៃសមរម្យមួយ ដែលគណៈកម្មការលទ្ធកម្មឃុំ ព្រះសង្ឃ និងប្រជាពលរដ្ឋឯកភាព ផ្ដល់ជូនឲ្យក្រុមហ៊ុនសាងសង់បន្ត ។

រីឯលោក ឈិន ឆូយ មេឃុំទំនប់វិញ ក៏បានបើកបង្ហាញ ប្រហាក់ប្រហែលគ្នា និងមេឃុំទាំង២ ខាងលើនោះដែរ។លោកឈិន ឆូយបានឲ្យដឹងថា ឃុំរបស់លោក បានដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែដែរ នៅភូមិប្រយុក ប្រវែង៣៥០ទឹកប្រាក់ប៉ាន់ស្មាន២៣៥លានរៀល គឺក្រុមហ៊ុនមន សុភ័ណ្ឌ ដេញបានក្នុងតម្លៃ ៨០លានរៀល។ ដូច្នេះចំពោះកញ្ចប់លុយដែលនៅសល់ ត្រូវបានផ្ដល់ជូនទៅឲ្យក្រុមហ៊ុនដដែលនេះ ធ្វើការសាងសង់ផ្លូវបេតុងបន្ត បានរហូតដល់១, ៣១២ម៉ែត្រ ក្នុងតម្លៃមួយ ដែលមានការឯកភាពពី គណៈកម្មការលទ្ធកម្មឃុំ អ្នកបច្ចេកទេស និងសហគមន៍ប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកទទួលផលនៅតំបន់ឃុំទាំង៣ខាងលើ បានចេញមុខសំដែងការអរគុណ ចំពោះរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសលោកមេឃុំ ដែលបានខិតខំធ្វើការងារ បម្រើសេវាជូនប្រជាពលរដ្ឋ និងបានរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យពួកគាត់ទទួលបានផ្លូវបេតុងប្រកបដោយគុណភាព នាយស្រួលដល់ការធ្វើដំណើរ ដូចពេលបច្ចុ​ប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here