ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈកម្ពុជា-ចិន កាន់តែស្អិតរមួត។
គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចការងារ មកកាន់ក្រសួងមុខងារសាធារណៈកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិន ដឹកនាំដោយលោក ZHANG Ruijun អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ រដ្ឋបាលមុខងារសាធារណៈជាតិចិន។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈកម្ពុជា រយៈពេលពេញមួយថ្ងៃ។
ក្រៅពីទស្សនកិច្ច នៅក្រសួងមុខងារសាធារណៈរួចមក គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិន ក៏បានបន្តទស្សនកិច្ចទៅកាន់មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ កាលពីថ្ងៃទី២០-២១ ខែមិថុនានេះផងដែរ។
ជាលទ្ធផលនៃទស្សនកិច្ច ភាគីចិនបានយល់ស្របលើសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន (ICT) ដំណាក់កាលទី២ ដែលបានផ្តោតសំខាន់លើការផ្តល់ជំនួយជាឧបករណ៍ សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា សម្រាប់តភ្ជាប់ទៅកាន់គ្រប់ក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ។
ការបណ្តុះបណ្តាលបច្ចេកទេសនានា និងការជំរុញកាន់តែខ្លាំងក្លាបន្ថែមទៀត នូវការអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែង មានជាអាទិ៍៖ ការរៀបចំទស្សនកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងស្ថាប័នក្នុងវិស័យមុខងារសាធារណៈ។
ភាគីចិនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏ស្អិតរមួតនៃប្រទេសទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនេះ ឱ្យកាន់តែរីកចម្រើនទៅមុខដើម្បីបន្តពង្រឹងកាន់តែខ្លាំងក្លា នូវវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ និងជាការរួមចំណែកសម្រេចនូវចក្ខុវិស័យ កសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន៕