ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNN បានចុះផ្សាយឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ទើបតែទទួលបានការបញ្ជាទិញយន្តហោះក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់បារាំងនេះបានប្រកាសកាលពីថ្ងៃច័ន្ទថាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo បានដាក់ការបញ្ជាទិញសម្រាប់យន្តហោះ A320 ចំនួន៥០០គ្រឿងរបស់ខ្លួន ដែលត្រូវប្រគល់ជូននៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥។
ក្រុមហ៊ុន Airbus បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះបង្កើតជាកំណត់ត្រាសម្រាប់កិច្ចព្រមព្រៀងទិញតែមួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម ហើយជំរុញចំនួនសរុបនៃយន្តហោះ Airbus ដែលក្រុមហ៊ុន IndiGo បានបញ្ជាទិញរហូតដល់១.៣៣០គ្រឿង”។ ដោយបានបង្កើតឡើងកាលពីឆ្នាំ២០០៦ IndiGo គឺជាក្រុមហ៊ុនអាកាសចរណ៍កំពូលរបស់ប្រទេសឥណ្ឌាបើគិតអំពីចំណែកទីផ្សារ។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នានាចង់ទាញយកប្រយោជន៍ពីសេដ្ឋកិច្ចដ៏រឹងមាំ និងចំនួនប្រជាជនដែលកំពុងកើនឡើងខ្លាំងរបស់ប្រទេសឥណ្ឌា ដែលអាចប្រែក្លាយទៅជាតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសបន្ថែមទៀត។
កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Air India ដែលជាគូប្រជែងរបស់ IndiGo បានបញ្ជាទិញយន្តហោះជាង៤៧០គ្រឿងពីក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing (BA)៕