ដោយៈ សុខុម
សិង្ហបុរី: ដីនៅជិតផ្លូវបំបែកត្រង់ចំណុចស្ថានីយរថភ្លើង Jurong East MRT ត្រូវបានដាក់ដេញថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ដើម្បីចាប់ផ្ដើមការអភិវឌ្ឍតំបន់ពាណិជ្ជកម្មថ្មីមួយ ក្នុងសង្កាត់ Jurong Lake ប្រទេសសិង្ហបុរី។
ដីទំហំ៦,៥ហិកតានេះ ដែលបំបែកជា៣ក្បាលឡូត៍នេះ នឹងត្រូវលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយ ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មដែលមានលំនៅឋានឯកជនយ៉ាងច្រើន អគារការិយាល័យ និងកន្លែងលក់រាយផ្សេងៗទៀត។
អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) និយាយថា គម្រោងថ្មីនេះនឹងភ្ជាប់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានស្រាប់ជិតផ្លូវបំបែកត្រង់ចំណុចស្ថានីយរថភ្លើង Jurong East MRT និងគម្រោងស្ថានីយរថភ្លើងនាថ្ងៃអនាគត Cross Island Line ក្នុងសង្កាត់ Jurong Lake។
ការដេញថ្លៃជាសាធារណៈនេះ ផ្ដល់សញ្ញាពីការចាប់ផ្ដើមដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍសម្រាប់សង្កាត់ Jurong Lake ដែលកំពុងត្រូវបានអភិវឌ្ឍន៍ជាលំដាប់ ឱ្យក្លាយទៅជាសង្កាត់ពាណិជ្ជកម្មដ៏ធំបំផុត ដែលស្ថិតនៅក្រៅកណ្តាល ទីក្រុងនៃប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិមជ្ឈការរបស់ អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។
សម្រាប់ផ្ទៃដី៦,៥ហិកតាដំបូងខាងលើនេះ គឺសម្រាប់ការសាងសង់លំនៅឋានឯកជន យ៉ាងតិចប្រមាណ១.៧០០យូនីត អគារការិយាល័យ ដែលមានផ្ទៃ១៤៦.០០០ម៉ែត្រការ៉េ និងផ្ទៃក្រឡា៧៣.០០០ម៉ែត្រការ៉េសម្រាប់ហាង ភោជនីយដ្ឋាន កន្លែងកម្សាន្ត សណ្ឋាគារ និងទីធ្លាសម្រាប់សហគមន៍ប្រើប្រាស់៕ CNA៕