ដោយ: គង់ លាងហួរ
រីយ៉ាដ: នៅក្នុងគោលបំណងដើម្បីរួមចំណែក ដល់ការផ្គត់ផ្គង់លំនៅដ្ឋាន និងជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍអចលនទ្រព្យ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមស្ថាបត្យករនៃArjan និងក្រុមហ៊ុន Bloominvest បានចាប់ដៃគ្នាដើម្បីសាងសង់លំនៅដ្ឋានជាង១០០យូនីតនៅភាគខាងជើងទីក្រុងរីយ៉ាដ។
សារពត៌មាន Al-Ekhbariya បានរាយការណ៍ថា ភាគីទាំងពីរបានបង្កើតមូលនិធិវិនិយោគ អចលនទ្រព្យរួមគ្នាមួយគំរោង ដែលមានឈ្មោះថា Arjan Al-Maghamis ក្នុងគោលបំណងអភិវឌ្ឍផ្ទៃដីមួយ ទំហំលើសពី៣០.០០០ម៉ែត្រការ៉េ ឬ៣ហិកតានៅក្នុងរាជធានីរីយ៉ាដ។
អនុរដ្ឋមន្ត្រីអភិវឌ្ឍន៍អចលនទ្រព្យអារ៉ាប៊ីសាអូឌីត លោក Abdulrahman Al-Tawil បានសម្ពោធមូលនិធិនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីបង្កើតភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនការផ្គត់ផ្គង់អចលនទ្រព្យនៅក្នុងទីក្រុង និងផ្តល់ជម្រើសលំនៅដ្ឋានកាន់តែច្រើន សម្រាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត។
ទន្ទឹមគ្នានេះ ក្រសួងកិច្ចការក្រុង ជនបទ និងលំនៅដ្ឋានបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រកិច្ចព្រមព្រៀង និងភាពជាដៃគូក្នុងវិស័យឯកជន។
មូលនិធិនេះ ក៏ស្របទៅតាមគោលដៅ នៃកម្មវិធីលំនៅដ្ឋាន ដែលជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមនានា ស្ថិតនៅក្រោមចក្ខុវិស័យ Saudi Vision 2030 ដែលមានគោលបំណងផ្តល់ឱកាសលំនៅដ្ឋានគ្រប់គ្រាន់ សម្រាប់គ្រួសារអារ៉ាប៊ីសាអូឌីតផងដែរ៕