ក្រុមហ៊ុនអាកាសចរណ៍ហុងកុងចំនួន៣ គ្រោងចែកសំបុត្រយន្តហោះឥតគិតថ្លៃដល់ប្រទេសជប៉ុន

ដោយ: គង់ លាងហួរ
ហុងកុង: ការចុះឈ្មោះសម្រាប់សំបុត្រហោះហើរដោយឥតគិតថ្លៃពីទីក្រុងជាច្រើនក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលជាផ្នែកនៃយុទ្ធនាការរបស់ហុងកុងដើម្បីទាក់ទាញភ្ញៀវទេសចរមកវិញ និងស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងជំងឺរាតត្បាត។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីឈ្មោះ Cathay Pacific របស់ទីក្រុងហុងកុងនឹងចែកសំបុត្រធ្វើដំណើរទៅមកថ្នាក់សេដ្ឋកិច្ចដោយឥតគិតថ្លៃចំនួន១២.០០០សំបុត្រសម្រាប់ការហោះហើរទៅកាន់ទីក្រុងហុងកុងពី ទីក្រុងNarita Osaka Nagoya Fukuoka និង Sapporo ។

ការចែកសំបុត្រនឹងចាប់ផ្ដើមពីថ្ងៃត្រង់ទី២៦ ខែ មិថុនា រហូតដល់ម៉ោង២៣:៥៩ យប់នៅក្នុងថ្ងៃទី២ ខែកក្កដា ស្ថិតក្រោមប្រព័ន្ធចាប់ឆ្នោត។ ប៉ុន្តែអ្នកដំណើរនឹងនៅតែត្រូវបង់ពន្ធ ថ្លៃសេវា និងថ្លៃបន្ថែមផ្សេងទៀតដែលភ្ជាប់ទៅនឹងជើងហោះហើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ អ្នកចូលរួមត្រូវតែមានអាយុលើសពី១៨ឆ្នាំ ហើយមានសមាជិកភាពជាមួយក្រុមហ៊ុន Cathay Pacific ឬចុះឈ្មោះមុនពេលចូលរួមក្នុងការផ្តល់ជូនសំបុត្រឥតគិតថ្លៃនេះ។

អ្នកចូលរួមទាំងអស់នឹងត្រូវបានជូនដំណឹងអំពីលទ្ធផលតាមរយៈអុីមែលនៅថ្ងៃទី១២ ខែកក្កដា ខណៈដែលសារទៅកាន់អ្នកឈ្នះនឹងមានព័ត៌មានលម្អិតអំពីរបៀបប្តូរយកការផ្តល់ជូនសំបុត្រជើងហោះហើរ។

អ្នកឈ្នះមានពេលមួយខែដើម្បីកក់ការធ្វើដំណើរ ដោយប្រើប្រាស់លេខកូដដូរយកសំបុត្រតែមួយគត់ ហើយសំបុត្រនឹងមានសុពលភាពសម្រាប់ការធ្វើដំណើរពី២ ទៅ៧ថ្ងៃ ចន្លោះពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុងចំនួនពីរផ្សេងទៀតក៏នឹងរៀបចំការផ្តល់ជូនសំបុត្រដោយឥតគិតថ្លៃផងដែរ ដូចជាក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hong Kong Airlines៕

LEAVE A REPLY

Please enter your comment!
Please enter your name here