សុខុម
សិង្ហបុរី: ធនាគារអង់គ្លេស HSBC កាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំនេះដោយផ្អែកទៅលើការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះទំនុកចិត្តរបស់របស់អាជីវកម្ម និងពលរដ្ឋ។
ធនាគារលំដាប់ពិភពលោកមួយនេះនៅពេលនេះបានព្យាករថា ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន នឹងកើនឡើងក្នុងអត្រា៥,៣%ក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពី៦,៣%ដែលត្រូវបានព្យាករមុននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២០ មិថុនា។
កាលពីសប្តាហ៍មុន ស្ថាប័នជាច្រើនរួមមានទាំងធនាគារ J.P. Morgan និងស្ថាប័នស្រាវជ្រាវ BofA Global Research ផងដែរនោះបានបន្ទាបទស្សនវិស័យកំណើនរបស់ប្រទេសចិន បន្ទាប់ពីទិន្នផលឧស្សាហកម្មខែឧសភា និងកំណើននៃការលក់រាយរបស់ប្រទេសនេះបានធ្លាក់ចុះទាបជាងការព្យាករ។
ការបន្ទាបការព្យាករនេះធ្វើឡើង ក្រោយពីក្រុមអ្នកវិភាគនៅធនាគារវិនិយោគអាមេរិក Goldman Sachs បានបន្ទាបការព្យាករកំណើន GDP ពេញមួយឆ្នាំ២០២៣ របស់ប្រទេសចិន ពី៦%មកត្រឹម៥,៤%។
ទន្ទឹមគ្នានេះ ធនាគារវិនិយោគ Goldman Sachs ក៏បានបន្ទាបការព្យាករចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ របស់ខ្លួនពី៤,៦%មកនៅត្រឹម៤,៥%ផងដែរ។
ការបន្ទាបការព្យាករនេះក៏ធ្វើឡើងផងដែរ ក្រោយពីធនាគារពិភពលោក (World Bank) បានព្យាករគួរឱ្យសាទរថា សេដ្ឋកិច្ចរបស់មហាយក្សចិន នឹងសម្រេចបានកំណើនក្នុងអត្រា៥,៦%នៅឆ្នាំ២០២៣ ដោយកើនឡើង១,៣% បើធៀបនឹងការព្យាករកាលពីខែមករា។ នេះបើយោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមិថុនា៕ Reuters៕