ដោយៈ សុខុម
រីយ៉ាដ: របាយការណ៍ចុងក្រោយរបស់អង្គការប្រជាជាតិ (UN) បង្ហាញថា ទំហំនៃការនាំចូលស្បៀងអាហារ នៅទូទាំងពិភពលោក ត្រូវបានព្យាករថា នឹងឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានរហូតដល់១,៩៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដោយកើនឡើង១,៥%ធៀបនឹងឆ្នាំ២០២២។
អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ បានលើកឡើងក្នុងរបាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ខ្លួនថា ទំហំនាំចូលស្បៀងអាហារ នឹងកើនឡើង១៨,៤ពាន់លានដុល្លារ បន្ថែមទៀតដោយសារការឡើងថ្លៃទំនិញ និងតម្រូវការខ្ពស់ជាងមុននៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៩ ខែមិថុនា។
ទោះជាយ៉ាងណា ថ្វីបើមានការកើនឡើងយ៉ាងនេះក្ដី ក៏អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានព្យាករថា ទំហំនាំចូលស្បៀងអាហារទូទាំងពិភពលោក នឹងកើនឡើងក្នុងល្បឿនយឺតជាងធៀបនឹងឆ្នាំមុន ដោយសារតម្រូវការធ្លាក់ចុះ។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ឱ្យដឹងថា ទំហំនាំចូលស្បៀងអាហារ បានកើនឡើង១១%ក្នុងឆ្នាំ២០២២ និងកើនឡើងរហូតដល់១៨%ក្នុងឆ្នាំ២០២១។
អង្គការនេះបន្ថែមទៀតថា ការធ្លាក់ចុះតម្រូវការនៅឆ្នាំនេះ ជាពិសេសក្នុងប្រទេស ដែលងាយរងគ្រោះផ្នែកសេដ្ឋកិច្ច គឺភាគច្រើនបណ្ដាលមកពីការឡើងថ្លៃជាសកល។
ខណៈការនាំចូលស្បៀងអាហារ ពីសំណាក់បណ្ដាសេដ្ឋកិច្ចជឿនលឿននៅតែបន្តកើនឡើង ទំហំនាំចូលស្បៀងអាហារសម្រាប់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបានព្យាករថានឹងធ្លាក់ចុះ១,៥%ក្នុងឆ្នាំនេះ៕ Arab News៕