ប្រទេសសិង្ហបុរី ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការ វិនិយោគពីតៃវ៉ាន់

ដោយៈ សុខុម

ហុងកុង: ទិន្នន័យផ្លូវការ និងក្រុមអ្នកវិភាគបង្ហាញថា ការវិនិយោគរបស់តៃវ៉ាន់ នៅសិង្ហបុរី បានកើនឡើងខ្លាំងក្នុងរយៈពេល២ឆ្នាំមកនេះ នៅពេលសិង្ហបុរី ក្លាយជាកន្លែងដ៏មានសុវត្ថិភាព សម្រាប់រក្សាទុកប្រាក់ ដើម្បីការពារហានិភ័យនៃជម្លោះយោធា ជាមួយប្រទេសចិន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ មិថុនា ឱ្យដឹងថា ក្នុងឆ្នាំ២០២០ រំហូរវិនិយោគរបស់តៃវ៉ាន់ ត្រឹមតែ២,៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះដែ​លបានធ្លាក់ដល់ដៃសហគ្រាសមូលនិធិ និងទ្រព្យសម្បត្តិផ្សេងៗទៀតនៅសិង្ហបុរី បើធៀបនឹងរំហូរវិនិយោគ១,១ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៩។

ប៉ុន្តែរំហូរវិនិយោគផ្ទាល់ពីតៃវ៉ាន់ ទៅកាន់សិង្ហបុរី បានឈានរហូតដល់៥,៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និង៤,៥៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ នេះបើយោងតាមក្រសួងស្ថិតិរបស់ប្រទេសសិង្ហបុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kent Chong នាយកគ្រប់គ្រងនៅក្រុមហ៊ុនសេវាកម្មជំនាញ PwC Legal នៅក្រុងតៃប៉ិ ដែលជាអ្នកគ្រប់គ្រងអតិថិជនដែលសម្លឹងរកឱកាសបញ្ជូនប្រាក់ចេញពីតៃវ៉ាន់ បានលើកឡើងថា “នៅតៃវ៉ាន់ អ្វីដែលពួកគេមាននៅក្នុងចិត្ត គឺភាពមិនប្រាកដប្រជាយ៉ាងច្រើន ដោយសារភាពតានតឹង នៃទំនាក់ទំនងជាមួយប្រទេសចិន។ ពួកគេមានការព្រួយបារម្ភចំពោះលុយរបស់ពួកគេ”។

លោកបានបន្ថែមទៀតថា មូលនិធិវិនិយោគ ក្រុមហ៊ុន និងបុគ្គលមកពីតៃវ៉ាន់ ដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភពេញចិត្ត នឹងប្រទេសសិង្ហបុរី ជាងប្រទេសផ្សេងៗទៀត ពីព្រោះពួកគេជឿថា សិង្ហបុរី មាន “អព្យាក្រឹតភាព” ខាងនយោបាយជាមួយនឹង ជម្រើសទទួលបានសិទ្ធិស្នាក់នៅ ប្រសិនបើចាំបាច់។

លោក Wang Wei-chieh អ្នកវិភាគកិច្ចការបរទេសដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ និងជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកសេវាកម្មបរទេសនៅសកលវិទ្យាល័យ Georgetown University ក្នុងសហរដ្ឋអាមេរិក បានលើកឡើងថា ការងាកទៅរកប្រទេសសិង្ហបុរី ប្រហែលជាបានចាប់ផ្តើម ដោយសារតែការគ្រប់គ្រងវិបត្តិកូវីដ-១៩យ៉ាងតឹងរ៉ឹងដែល “បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្ម” នៅក្នុងប្រទេសចិន៕ South China Morning Post

LEAVE A REPLY

Please enter your comment!
Please enter your name here