ផ្សារហ៊ុននៅតំបន់អាសុីចាប់ផ្តើមជួញដូរយ៉ាងប្រុងប្រយ័ត្ននៅព្រឹកថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីចាប់ផ្តើមជួញដូរដោយប្រុងប្រយ័ត្ននៅថ្ងៃចន្ទបន្ទាប់ពីបានដំណើរការប្រចាំសប្តាហ៍ដ៏ល្អបំផុតក្នុងរយៈពេល៥ខែ ខណៈអ្នកវិនិយោគបានសម្លឹងឆ្ពោះទៅមុខការសម្រេចចិត្តអត្រាការប្រាក់របស់ប្រទេសចិន និងសក្ខីកម្មរបស់ប្រធានធនាគារកណ្តាលអាមេរិក Jerome Powell សម្រាប់តម្រុយលើផ្លូវអត្រាការប្រាក់នាពេលខាងមុខ។

ផ្សារហ៊ុន S&P 500 futures បានហក់ឡើងថ្លៃ០,១ភាគរយនៅតំបន់អាស៊ី ខណៈដែលផ្សារហ៊ុន Nasdaq futures បានហក់ឡើង០,៣ភាគរយ។ សាច់ប្រាក់របស់រតនាគារសហរដ្ឋអាមេរិក(Cash U.S. Treasuries)មិនត្រូវបានគេជួញដូរនោះទេ ដោយសារថ្ងៃឈប់សម្រាកខែមិថុនា។

នៅក្នុងតំបន់អាស៊ី ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានដាំក្បាលចុះ០,៥ភាគរយ ដោយបានហក់ឡើងដល់កំពូលរយៈពេល៣ទសវត្សរ៍ថ្មីកាលពីថ្ងៃសុក្រ ដែលត្រូវបានជំរុញដោយការសម្រេចចិត្តរបស់ធនាគារកណ្តាលជប៉ុន (BOJ) ក្នុងការកំណត់គោលនយោបាយធូររលុងបំផុតរបស់ខ្លួន ដែលបានបញ្ជូនតម្លៃប្រាក់យ៉េនដល់កម្រិតទាបរយៈពេល៧ខែធៀបនឹងប្រាក់ដុល្លារអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,១ភាគរយ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល៤ខែកាលពីថ្ងៃសុក្រ និងបញ្ចប់ការជួញដូរជាមួយការហក់ឡើងថ្លៃ៣ភាគរយសម្រាប់សប្តាហ៍មុន ដែលជាតម្លៃល្អបំផុតចាប់តាំងពីខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ នៅក្នុងប្រទេសចិន ក្តីសង្ឃឹមទីផ្សារសម្រាប់ការជំរុញខ្លាំងបន្ថែមទៀតកំពុងកើនឡើង បន្ទាប់ពីក្រុមគណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីពិភាក្សាគ្នាអំពីវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ដូចគ្នានេះផងដែរ ធនាគារប្រជាជនចិនត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងកាត់បន្ថយអត្រាការប្រាក់បឋមនៃប្រាក់កម្ចីគោលរបស់ខ្លួននៅថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីការកាត់បន្ថយស្រដៀងគ្នានៃប្រាក់កម្ចីគោលនយោបាយរយៈពេលមធ្យមកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here