ហ្វីលីពីនជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយកម្ពុជានិងតភ្ជាប់ផ្លូវអាកាស

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ហ្វីលីពីន បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីជំរុញ និងបង្កើ​នទេសចរទៅវិញទៅមក។

ភាគីហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍ ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយភាគីកម្ពុជា ដូចជា ការបន្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ការជំរុញទេសចរណ៍សុខាភិបាលជាដើម។

ចេតនានេះត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបទ្វេភាគីនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនចំនួន៣លើក ព្រមទាំងការអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ រហូតដល់ដំណាក់ជួបវិបត្តិសកលនៃការរាតត្បាតជំងឺកូវីដ១៩។

លោកថោង ខុន បានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាព នៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញ។

តាមរយៈការស្នើឱ្យពិចារណានេះ ភាគីទាំងពីរក៏បានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំ ក្រុមការងារចម្រុះកម្ពុជា -ហ្វីលីពីនលើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពីភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា? ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី?។

ភាគីទាំងពីរបានឯកភាព ជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ក្នុងនោះពីរដ្ឋធានីម៉ានីល មកកាន់ខេត្តសៀមរាប ឬពីទីក្រុងសេប៊ូ មកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកកាន់សៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរ មានជើងហោះហើរត្រង់រវាងភ្នំពេញ -ម៉ានីលរួចហើយកាលពីឆ្នាំ២០១៩។

លោកជំទាវរដ្ឋមន្ត្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា បានមើលឃើញនូវការអនុវត្តដោយជោគជ័យ និងឈានមុខរបស់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្ដីពី ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងមានបំណងចង់ឱ្យភាគីកម្ពុជា ចែករំលែកបទពិសោ​ធន៍លើការងារនេះដល់ភាគីហ្វីលីពីន ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ហ្វីលីពីនទទួលបានចំណេះ ជំនាញបន្ថែមទៀតឱ្យស្របតាមស្ដង់ដាអាស៊ាន។

លោកជំទាវរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ក៏ស្នើឱ្យមានការជំរុញទេសចរណ៍វេជ្ជសាស្ត្រ ពីកម្ពុជាទៅកាន់ហ្វីលីពីនផងដែរ ដោយហេតុលោកស្រីមើលឃើញថា មានប្រជាជនកម្ពុជាច្រើន ដែលចេញទៅរកសេវាសុខាភិបាលនៅក្រៅប្រទេស ហើយភាគីហ្វីលីពីនស្វាគមន៍ទេសចរពីកម្ពុជាជានិច្ច។

ភាគីហ្វីលីពីនក៏ចង់ផ្លាស់ប្ដូរបទពិសោធន៍ លើវិស័យអេកូទេស​ចរណ៍ជាមួយភាគីកម្ពុជាផងដែរ ដោយលោកស្រីរដ្ឋមន្ត្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា ដែលប្រកាន់នូវគោលការណ៍គិរគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន។

លោកជំទាវថា ហ្វីលីពីនមានតំបន់អេកូទេសចរណ៍ យ៉ាងច្រើន ប៉ុន្តែក៏ចង់ទទួលបានបទពិសោធន៍បន្ថែមពីកម្ពុជា ដើម្បីដើរឱ្យស្របទៅនឹងគោលការណ៍គិរគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថានដូចកម្ពុជាដែរ។

លោកជំទាវរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ក៏បានអញ្ជើញលោករដ្ឋមន្ត្រីថោង ខុន ទៅទស្សនកិច្ចផ្លូវការ ឬផ្ទាល់ខ្លួននៅទីក្រុងសេប៊ូ នៃប្រទេសហ្វីលីពីនផងដែរ ខណៈទីក្រុងនេះក៏មានសក្ដានុពលខ្ពស់ លើវិស័យទេសចរណ៍ ហើយក៏ជាទឹកដីកំណើតរបស់ លោកស្រីរដ្ឋមន្ត្រីផងដែរ។

រដ្ឋមន្ត្រី ថោង ខុន ក៏បានឯកភាពចំពោះការអញ្ជើញទៅទស្សនកិច្ចនេះ ព្រមទាំងបានអញ្ជើញលោកស្រី រដ្ឋមន្ត្រីហ្វីលីពីនទៅទស្សនកិច្ចនៅខេត្តសៀមរាប ក៏ដូចជាតំបន់រមណីយដ្ឋានអង្គរផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក៏ដូចជាការស្វែងយល់ពីការតភ្ជាប់ជើងហោះហើរបន្ថែមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here