NATO គ្រោងបង្កើតការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមកាសែត Nikkei បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៣ ខែមិថុនាថា អង្គការណាតូគ្រោងបង្កើតការិយាល័យ ទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដើម្បីប្រើប្រាស់ជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

កាលពីខែឧសភា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ សហរដ្ឋអាមេរិកបានលើកឡើងថា សម្ព័ន្ធភាពយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក NATO កំពុងរៀបចំផែនការបង្កើតការិយាល័យនៅទីក្រុងតូក្យូ ដែលជាការិយាល័យដំបូងគេ នៅក្នុងតំបន់អាស៊ី  ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំទាស់នឹងផែនការនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ ប្រទេសចិនបានអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍អ្វីដែលខ្លួនហៅថា “ការប្រឈមមុខដាក់គ្នាជាក្រុម” ដោយទីក្រុងប៉េកាំងជំរុញឱ្យប្រទេសជប៉ុន មានការប្រុងប្រយ័ត្នបន្ថែមលើបញ្ហាសន្តិសុខយោធា ដោយសារប្រវត្តិសាស្រ្ត នៃការឈ្លានពានរបស់ខ្លួន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែមករា ប្រធានអង្គការណាតូ លោកJens Stoltenberg បានសន្យាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការពង្រឹងទំនាក់ទំនង ដើម្បីប្រឈមមុខនឹងបញ្ហាសន្តិសុខជាប្រវត្តិសាស្ត្រ ដោយលើកឡើង ពីការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងអំណាចយោធារបស់ប្រទេសចិន។

កាលពីខែឧសភា លោក Kishida បានបញ្ជាក់ថា ប្រទេសជប៉ុនមិនមានគម្រោងចូលរួមជាមួយណាតូ ក្នុងនាមជាសមាជិក ឬរដ្ឋពាក់កណ្តាលសមាជិកនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយNikkei បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបាន និងកំពុងរៀបចំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានីក្នុងខែកក្កដាខាងមុខ។

ចំណែកឯ ការិយាល័យប្រធានាធិបតីកូរ៉េ ខាងត្បូងបានឱ្យដឹងថា ខ្លួនមិនមានការអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះ។

ទន្ទឹមនឹងនេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​បាន​អះអាងថា​ “ប្រទេស​អូស្ត្រាលី ​នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត ​លើ​ការ​រៀបចំ​ភាព​ជា​ដៃគូ​របស់ខ្លួន ក្នុង​ពេល​វេលាសមស្របមួយនៅពេលខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here