ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិន បានកើនឡើង៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។
យោងតាមការិយាល័យនេះបានឱ្យដឹងថា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសមានចំនួន ទឹកប្រាក់សរុប១៨,៨៨ពាន់ពាន់លានយ័ន(ប្រហែល២,៦៤ពាន់ពាន់លានដុល្លារអាមេរិក) គិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣នេះ។
ទិន្នន័យដដែលបានបង្ហាញទៀតថា នៅក្នុងខែឧសភា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិន បានកើនឡើង០,១១ភាគរយធៀបនឹងខែមេសា។
នៅក្នុងអំឡុងពេលប្រាំខែដំបូងនៃឆ្នាំនេះ ការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជន មានទឹកប្រាក់ចំនួន១០,១៩ពាន់ពាន់លានយន់ ដែលធ្លាក់ចុះ០,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការវិនិយោគលើវិស័យឧស្សាហកម្ម បានកើនឡើង៨,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសការវិនិយោគ ក្នុងវិស័យផលិតកម្មបានកើនឡើង៦ភាគរយ ហើយការវិនិយោគនៅក្នុងឧស្សាហកម្មរ៉ែបានកើនឡើង១,៥ភាគរយ។
ចំណែកឯការវិនិយោគ នៅក្នុងវិស័យអគ្គិសនី កំដៅ ឧស្ម័ន ការផលិត និងការផ្គត់ផ្គង់ទឹកបានកើនឡើង២៧,៦ភាគរយ។
ការវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៧,៥ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងរយៈពេលដូចគ្នានេះ។ ក្នុងចំណោមចំនួនសរុប ការវិនិយោគក្នុងការដឹកជញ្ជូន តាមផ្លូវដែកបានកើនឡើង១៦,៤ភាគរយ និង១១,៥ភាគរយ នៅក្នុងការគ្រប់គ្រងការរក្សាទឹកទុក៕