ដោយៈ និស្ស័យ
ភ្នំពេញៈ កម្ពុជាបានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូង ទៅប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅតំបន់អាស៊ី ក្រោយពីកម្ពុជាព្យាយាមចាប់យកទីផ្សារនេះជាច្រើនឆ្នាំ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ហ្វីលីពីន គឺជាទីផ្សារល្អ ដោយប្រទេសនេះមានតម្រូវការអង្ករច្រើន ហើយបច្ចុប្បន្ននេះ ប្រទេសនេះកំពុងមានការខ្វះខាតស្បៀង។
លោកបានគូសបញ្ជាក់ថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោល គឺពីការនាំចូលតាមរយៈរដ្ឋមកឯកជនវិញ។ ស្របជាមួយគ្នា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសហ្វីលីពីន គឺធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលជំរុញឱ្យកម្ពុជាធ្វើការងារជិតស្និត ជាមួយលោក និងឈានទៅដល់ការនាំចូលអង្ករពីកម្ពុជាជាលើកទី១។

លោកមានប្រសាសន៍ថា “នេះចំណុចមួយចាប់ផ្តើម សង្ឃឹមថានឹងមានចំនួនច្រើន ដោយសារប្រទេសហ្វីលីពីន ជាប្រទេសមួយដែលត្រូវការអង្ករ ហើយលោកឃើញថាអង្កររបស់យើងល្អ មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ និងមាននាំចេញច្រើន”។
តាមរបាយការណ៍របស់សហព័ន្ធស្រូវ អង្ករកម្ពុជាបានឱ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ កម្ពុជាទើបតែនាំចេញអង្ករ ក្នុងបរិមាណធំលើកទី១ចំនួន២ ៥៧៥តោនទៅប្រទេសហ្វីលីពីន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រៅពីការនាំចេញទៅប្រទេសហ្វីលីពីន ជាលើកដំបូង កម្ពុជាក៏បានចាប់ផ្តើមសាកល្បងនាំចេញ ទៅប្រទេសសិង្ហបុរីផងដែរ ប៉ុន្តែក្នុងបរិមាណតិចនៅឡើយ។
ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន៣.៨២លានតោន ពីបណ្តាប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា៕