ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងបរិស្ថាន និងចក្រភពអង់គ្លេស ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេសនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Marc Thayre ភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។
មូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) បានរៀបចំឡើងក្នុងគោលបំណងវិធានការប្រកបដោយមហិច្ឆតា ដើម្បីដោះស្រាយបញ្ហាប្រឈមចំនួនបីមានជាអាទិ៍៖ ភាពក្រីក្រ ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ នៅកម្រិតក្នុងប្រទេស និងកម្រិតឆ្លងព្រំដែន។ BLF គឺជាកម្មវិធីមួយដែលរៀបចំឡើង ដោយក្រសួងបរិស្ថាន ចំណីអាហារ និងកិច្ចការជនបទ (DEFRA) របស់ចក្រភពអង់គ្លេស ដែលគាំទ្រសកម្មភាពកាត់បន្ថយភាពក្រី ការអភិរក្សជីវៈចម្រុះ និងដោះស្រាយកត្តាជំរុញ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅតំបន់ទេសភាព ដែលសម្បូរជីវៈចម្រុះចំនួន៦ នៅទូទាំងពិភពលោក។
BLF នេះក៏នឹងជួយរាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ច/ការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន ដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) អនុសញ្ញាសហប្រជាជាតិប្រយុទ្ធប្រឆាំងរហោស្ថានកម្មដី (UNCCD) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDGs)៕