កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិរហូតដល់ជាង២លាននាក់ក្នុងរយៈពេល៥ខែ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,១លាននាក់ កើនឡើង៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ រីឯទេសចរក្នុងស្រុកប្រមាណ១០លាននាក់។

លោកថោង ខុន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួម ពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ប្រមាណ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែល ទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ដែលរំពឹងថា ការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។

លោកថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជា ការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥នេះ មាន៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ដចំនួន៣ និងយុទ្ធសាស្រ្តសំខាន់ៗ ចំនួន១០ ហើយសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ រៀបចំឡើងដោយអនុ​លោ​មទៅតាមខ្លឹមសារនៃច្បាប់ស្តីពីទេសចរណ៍ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងសេចក្តីព្រាងយុទ្ធសាស្ត្របញ្ចកោណ ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយ/យុទ្ធសាស្ត្ររបស់វិស័យពាក់ព័ន្ធផងដែរ។

បន្ថែមពីនេះ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិ កាន់តែមានប្រសិ​ទ្ធភាពខ្ពស់ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ បន្តកែសម្រួ​ល​តាមធាតុចូលបន្ថែមរបស់អង្គប្រជុំ និងរៀបចំរបាយការណ៍គោរពស្នើសុំលោកអគ្គបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងដាក់គោរពស្នើសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឬដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here