ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស៣៨៥កន្លែង កម្មករជាង១៥ម៉ឺននាក់ និងចំណូលជាមធ្យម៤០លានដុល្លារក្នុងមួយខែ

ដោយៈ គង់ ម៉ាលីនណា

        កំពង់ស្ពឺៈ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារនៅក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភា​ពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។

លោកវ៉ី សំណាង បានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពល​រដ្ឋគ្មានឱកាសក្នុងការរកស៊ី ទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ​ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពផ្នែកនយោបាយពេញលេញ ជូនប្រទេសជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ ផ្តើមចេញពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនេះដែរ ក៏បានធ្វើឱ្យអ្នកវិនិយោគធំៗ នៅបណ្តាប្រទេសមួយចំនួន បានមកបណ្តាក់ទុនរកស៊ីដោយទំនុកចិត្ត និងជឿជាក់លើគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់ ។ ចំណូលជាមធ្យម៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។

លោកថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តមានភាពធូរធាសម្បូរសប្បាយ ហើយខេត្តក៏លែងទទួលការមាក់ងាយដូចមុន បានក្លាយទៅជាខេត្តស៊ីវិល័យ ស្មើមុខស្មើមាត់ ថែមទាំងរីកចម្រើនផងដែរ។

លោកបន្តថា ដូច្នេះដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ សម្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោត ជ្រើសរើសគណបក្សនយោបាយណា ដែលបងប្អូនគិតថាបានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្តទៀតឱ្យបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here