ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន RMA (Cambodia) Plc ដែលជាអ្នកចែកចាយផ្តាច់មុខនៃរថយន្តFord បានបង្ហាញពីផែនការនឹងធ្វើការពង្រីកការដំឡើងប្រភេទរថយន្តម៉ូដែលFord របស់ខ្លួនមួយចំនួនទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនៅកម្ពុជា។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជជា លោក កែវ រតនៈបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយមើលឃើញពីឱកាស នៃការពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិកមានផែនការបោះទុនបន្ថែម ក្នុងការពង្រីកការដំឡើងម៉ូដែលថ្មីៗទៀត។
លោកបានថ្លែងថា “ថ្មីៗនេះក្នុងជំនួបជាមួយម្ចាស់ក្រុមហ៊ុន គឺក្រុមហ៊ុនផលិតរថយន្តFordរបស់អាមេរិក គ្រោងនឹងបន្ថែមទុនវិនិយោគក្នុងការបង្គុំ និងដំឡើង រថយន្ត Ford ម៉ូដែល Territory បន្ថែមទៀត ខណៈដែលម៉ូដែល Ranger និង Everest កំពុងដំណើរខ្សែចង្វាក់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន”។
ក្រុមហ៊ុន RMA បានដាក់ឱ្យដំណើរការជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តថ្មីម៉ាក FORD ដែលមានទឹកប្រាក់វិនិយោគចំនួន ២១ លានដុល្លារនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ។
ការប្រើប្រាស់រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខគេ របស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្ត បង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម Ford Motor Company។ រោងចក្រនេះនឹងដំឡើងរថយន្ត Ford Ranger ជំនាន់ថ្មី និង Ford Everest។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២៣ RMACបានផ្ដល់ការលក់ដ៏រឹងមាំ ដែលមានការកើនឡើងជាង៤៦ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២២៕