ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងចំនួន៩បន្ថែមទៀត ពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
យោងតាមប្រភពគេហទំព័រក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសលើគម្រោងនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងរបស់កម្ពុជាសរុបចំនួន៩ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក។
គម្រោងទាំងនោះនឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើននៅតាមវិស័យផ្សេងៗ ដូចជា វិស័យដឹកជញ្ជូន និងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌផងដែរ។
នៅក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងប្រមាណ៨០នៅកម្ពុជា។
ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។
ការផ្តល់ជំនួយជាហិរញ្ញវត្ថុដល់គម្រោងនៅកម្ពុជានាពេលកន្លងមកភាគច្រើនគ្របដណ្ដប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ សេវាកម្ម បរិស្ថាន ការការពារសម្បត្តិវប្បធម៌ វិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម និងបេតិកភណ្ឌវប្បធម៌ជាដើម៕