ដោយៈ និស្ស័យ
ភ្នំពេញៈ ក្នុងគោលដៅទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានការរីកចម្រើនយ៉ាបឆាប់រហ័ស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានរៀបចំកសាង និងដាក់ឱ្យប្រើប្រាស់នូវក្របខណ្ឌគោលនយោបាយ ពាក់ព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់។
គោលនយោបាយទាំងនោះរួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣០ និងគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ដើម្បីឆ្លើយតប និងគាំទ្រនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលខាងលើ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្ត បច្ចេកវិទ្យាឌីជីថល រយះពេល៥ឆ្នាំ (២០២៣-២០២៧) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិ ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។
ការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧នេះ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងដឹកនាំតម្រង់ទិស និងយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត របស់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដឹកនាំដោយលោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និងមន្រ្តីពាក់ព័ន្ឋ។
ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះ មាន៦យុទ្ធសាស្រ្តសំខាន់ៗរួមមាន ទី១ យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្ស និងបញ្រ្ជាបចំណេះដឹង ទី២.យុទ្ធសាស្រ្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ទី៣ យុទ្ធសាស្រ្តពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), ទី៤.យុទ្ធសាស្រ្តស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យា ទី៥.យុទ្ធសាស្រ្តពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ និងទី៦យុទ្ធសាស្រ្តអភិបាលកិច្ចបច្ចេកវិទ្យា៕