ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជារកចំណូលបាន ៧៣៦,៩០ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅកាន់គោលដៅចំនួន៤៩ ជុំវិញពិភពលោក ខណៈប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករដ៏សំខាន់ តាមពីក្រោយដោយសហភាពអឺរ៉ុប។
យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញអង្ករ ២៧៨,១៨៤តោន និងស្រូវ២,១៤២,៤៨៣តោន (ប្រហែល ១,៣៧ លានតោនអង្ករ) និងគិតជាទឹកប្រាក់សរុប ៧៣៦,៩០ លានដុល្លារអាមេរិក។
ទិន្នន័យដដែលបានបង្ហាញថា ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់អង្ករកម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២,៤៣ ភាគរយ ដែលមានទឹកប្រាក់៧៧,៤២លានដុល្លារ ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៥ គ្របដណ្តប់៣៧,៩៣ ភាគរយដែលគិតជាទឹកប្រាក់ប្រមាណ៧១,៩៩ លានដុល្លារ និងប្រទេសអាស៊ានចំនួន ៤ ស្មើនឹង៨,៨៦ ភាគរយ»។
សហព័ន្ឋស្រូវ អង្ករកម្ពុជាបានបន្តថា ប្រទេសហ្វីលីពីនជាទីផ្សារថ្មីមួយសម្រាប់កម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ ទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន២,៥៧៥តោន ក្រៅពីនោះទីផ្សារផ្សេងៗចំនួន២០ គោលដៅស្មើនឹង១០,៧៨ ភាគរយ។
លោកសុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice (Cambodia) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែមិថុនា ថា ការនាំចេញរបស់ក្រុមហ៊ុនលោក នៅតែបន្តកើនឡើង ទៅប្រទេសសំខាន់ៗរបស់អឺរ៉ុប និងអាមេរិក។
ទិន្នន័យ CRF បានបង្ហាញ ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលប្រាក់បានចំនួន ៤១៤,២៩ លានដុល្លារពីការនាំចេញអង្ករ។ ចំនួននេះស្មើ ៣៤,៣៨ភាគរយ នៃទឹកប្រាក់ដែលកម្ពុជា ទទួលបានពីការនាំចេញស្រូវ-អង្ករ សរុបដែលមានចំនួន១,២០៥ពាន់លានដុល្លារ៕