ដោយៈ សុខុម
តូក្យូ: ការស្ទង់មតិបង្ហាញថា ចំនួនសរុបនៃការទិញចូលភាគហ៊ុនត្រលប់មកវិញក្នុងឆ្នាំ២០២៣ ពីសំណាក់ក្រុមហ៊ុននានា ដែលចុះបញ្ជីលើផ្សារហ៊ុនក្រុងតូក្យូ បានកើនឡើងយ៉ាងខ្លាំងជិតដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានកាលពីឆ្នាំមុន ក្នុងចំនួន៦៦,១ពាន់លានដុល្លារអាមេរិក។
ការស្ទង់មតិដោយក្រុមហ៊ុន ឈ្មួញជើងសាមូលបត្រដ៏ធំ SMBC Nikko Securities បានរកឃើញថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក ការទិញចូលភាគហ៊ុនត្រលប់មកវិញ ក្នុងទំហំទឹកប្រាក់៣៣ពាន់លានដុល្លារ ត្រូវបានប្រកាសគិតត្រឹមថ្ងៃទី១៦ ខែឧសភា។ នេះបើយោងតាមសារព័ត៌មាន Kyodo News ចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា។
ក្រុមអ្នកវិភាគទីផ្សារលើកឡើងថា កំណើននៃការទិញចូលភាគហ៊ុនត្រលប់មកវិញនេះ គឺជាហេតុផលមួយ ក្នុងចំណោមហេតុផលនៅពីក្រោយ ការធ្វើឱ្យភាគហ៊ុនលើផ្សារហ៊ុនNikkei Stock Average ហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល៣៣ឆ្នាំកាលពីខែឧសភា។
ចំនួនក្រុមហ៊ុនចុះបញ្ជី ដែលបានប្រកាសអំពីគម្រោងទិញចូលភាគហ៊ុនត្រលប់មកវិញ បានកើនឡើងយ៉ាងខ្លាំងក្នុងខែមេសា និងឧសភា នៅពេលក្រុមហ៊ុននានា ប្រើប្រាស់ឆ្នាំសារពើពន្ធ ដែលបញ្ចប់ក្នុងខែមីនា បញ្ចេញលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ។
កំណើននៃការទិញចូលភាគហ៊ុន ត្រលប់មកវិញនេះបានកើតឡើង បន្ទាប់ពីផ្សារហ៊ុនតូក្យូ កាលពីដើមឆ្នាំនេះ បានស្នើឱ្យក្រុមហ៊ុនចុះបញ្ជីនានា ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការជំរុញប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន។
យោងតាមក្រុមហ៊ុន SMBC Nikko Securities បង្ហាញថា ក្នុងចំណោមក្រុមហ៊ុនធំៗជាង២.០០០ ដែលចុះបញ្ជីលើផ្សារហ៊ុនតូក្យូ មានក្រុមហ៊ុនជាង៣៧០ បានប្រកាសផែនការទិញចូលភាគហ៊ុនត្រលប់មកវិញ៕ Kyodo News៕