អ៊ុយក្រែន បានចាប់ផ្ដើមធ្វើសកម្មភាពវាយបកតបតប្រឆាំង រុស្ស៊ីវិញហើយ

ដោយៈ សុខុម

ក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky បានចេញមកអះអាងគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសអ៊ុយក្រែន ពេលនេះបានចាប់ផ្ដើមធ្វើសកម្មភាព វាយបកតបតប្រឆាំងរុស្ស៊ី វិញហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា។

លោកបានបន្ថែមទៀតថា “សកម្មភាពវាយតបតប្រឆាំងរុស្ស៊ី និងសកម្មភាពវាយការពារខ្លួនបានចាប់ផ្ដើមហើយ”។ ទោះជាយ៉ាងណា លោកនឹងមិនបញ្ជាក់លម្អិតអំពីដំណាក់កាល ឬ ស្ថានភាពនៃការវាយតបតដូចការអះអាងរបស់លោកឡើយ។ការអះអាងបែបនេះធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងកាន់តែខ្លាំងនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីរាយការណ៍បង្ហាញថា កងទ័ពអ៊ុយក្រែន បានវាយរុលទៅមុខ នៅភាគខាងកើតក្បែរក្រុង Bakhmut និងភាគខាងត្បូងក្បែរក្រុង Zaporizhzhia ហើយបានធ្វើការវាយប្រហាររយៈចម្ងា​យឆ្ងាយ ទៅលើគោលដៅនានារបស់រុស្ស៊ី។

ទោះជាយ៉ាងណា ការវាយតម្លៃស្ថានការណ៍ ពិតជាក់ស្ដែងនៅសមរភូមិជួរមុខគឺពិតជាពិបាកណាស់ ដោយភាគីសង្រ្គាមទាំងសង​ខាងបានអះអាងផ្ទុយគ្នា ដូចជា អ៊ុយក្រែន អះអាងថាខ្លួនកំពុងវាយសម្រុកទៅមុខ ខណៈរុស្ស៊ី អះអាងថា ខ្លួនកំពុងវាយប្រឆាំងតបតនឹងអ៊ុយក្រែន។

ទន្ទឹមនឹងនេះ នៅក្នុងតំបន់ Kaluga នៃប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងស្រុក ភាគខាងត្បូងជុំវិញរដ្ឋធានីមូស្គូ អភិបាលតំបន់Kaluga លោក Vladislav Shapsha បានបញ្ជាក់តាម Telegramថា យន្តហោះដ្រូនមួយគ្រឿង បានធ្លាក់នៅជិតភូមិ Strelkovk កាលពីព្រឹកថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ជាវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា កងកម្លាំងអ៊ុយក្រែន ពិតជាបានចាប់ផ្តើមធ្វើការវាយលុកពិតមែន ប៉ុន្តែការប៉ុនប៉ងវាយរុលទៅមុខ នោះមិនបានបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើននោះទេ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here