ដោយៈ សុខុម
ហាណូយ: ប្រទេសវៀតណាម នឹងមានអាកាសយានដ្ឋានរហូតដល់ទៅ៣៣កន្លែងនៅត្រឹមឆ្នាំ២០៣០ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន១៤ និងជើងហោះហើរក្នុងស្រុកចំនួន១៩។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី៩ ខែមិថុនា។
ការវិនិយោគនេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំប្រមាណ១៨ពាន់លានដុល្លារអាមេរិក ដែលកៀរគរពីថវិការដ្ឋ មូលធនមិនមែនថវិកា (Non-budget Capital) និងប្រភពមូលធនផ្សេងៗទៀត។
ដំណឹងនេះត្រូវបានចុះផ្សាយ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha កាលពីថ្ងៃពុធ ទី៧ ខែមិថុនា បានចុះហត្ថលេខា លើសេចក្តីសម្រេចលេខ 648/QD-TTg ស្តីពីការរៀបចំផែនការប្រព័ន្ធអាកាសយានដ្ឋានជាតិ។
អាកាសយានដ្ឋានអន្តរជាតិចំនួន១៤ រួមមាន អាកាសយានដ្ឋាន Van Don អាកាសយានដ្ឋាន Hai Phong អាកាសយានដ្ឋាន Noi Bai អាកាសយានដ្ឋាន Thọ Xuan អាកាសយានដ្ឋាន Vinh អាកាសយានដ្ឋាន Phu Bai អាកាសយានដ្ឋាន Da Nang អាកាសយានដ្ឋាន Chu Lai អាកាសយានដ្ឋានCam Ranh អាកាសយានដ្ឋាន Lien Khuong អាកាសយានដ្ឋាន Long Thanh អាកាសយានដ្ឋាន Tan Son Nhat អាកាសយានដ្ឋានCan Tho និងអាកាសយានដ្ឋាន Phu Quoc (កោះត្រល់)។
អាកាសយានដ្ឋានចំនួន១៩ទៀត ដែលបម្រើតែជើងហោះហើរក្នុងស្រុក រួមមាន អាកាសយានដ្ឋាន Lai Chau អាកាសយានដ្ឋាន Dien Bien អាកាសយានដ្ឋាន Sa Pa អាកាសយានដ្ឋាន Cao Bang អាកាសយានដ្ឋាន Na San អាកាសយានដ្ឋាន Cat Bi អាកាសយានដ្ឋាន Dong Hoi អាកាសយានដ្ឋាន Quang Trị អាកាសយានដ្ឋាន Phu Cat អាកាសយានដ្ឋាន Tuy Hoa អាកាសយានដ្ឋាន Pleiku អាកាសយានដ្ឋាន Buon Ma Thuot អាកាសយានដ្ឋាន Phan Thiet អាកាសយានដ្ឋាន Rạch Gia អាកាសយានដ្ឋាន Ca Mau អាកាសយានដ្ឋាន Con Dao អាកាសយានដ្ឋាន Bien Hoa អាកាសយានដ្ឋាន Thanh Son និង អាកាសយានដ្ឋានទី២ នៅភាគខាងត្បូងនៃទីក្រុងហាណូយ។
ក្រោមសេចក្ដីសម្រេចនេះ ប្រទេសវៀតណាម នឹងអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានក្នុងទិសដៅស្របគ្នា និងទំនើបដើម្បីបំពេញតម្រូវការដឹកជញ្ជូន និងសមាហរណកម្មអន្តរជាតិ យ៉ាងទូលំទូលាយ ការពារបរិស្ថាន សន្សំសំចៃធនធាន ធានាការពារជាតិ និងសន្តិសុខ លើកកម្ពស់សមត្ថភាព ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច រួមចំណែកប្រែក្លាយវៀតណាម ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕ Vietnam News៕