ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។
កិច្ចប្រជុំ ពិភាក្សានេះបានធ្វើជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលដឹកនាំដោយ លោកគង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា មកពីគណៈកម្មការជំនាញទាំងអស់ព្រឹទ្ធសភាផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។
បន្ថែមពីនេះ លោកប្រធានក៏បានធ្វើសេចក្តី រាយការណ៍យ៉ាងពិស្តារលើអត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើង ត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
លោកប៉ាន សូរស័ក្តិបានបង្ហាញអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជា អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបាន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) នឹងចូលរួមចំណែកក្នុងការអនុវត្ត នូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិត ចំពោះពាណិជ្ជកម្មសេវាកម្ម៕