រដ្ឋមន្ត្រីលើកឡើងពីការងារចំពោះមុខពាក់ព័ន្ធវិស័យការងារ ជាមួយភាគីអូស្រ្តាលី

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Justin Kevin Whyatt ឯកអ​គ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កិច្ចពិភាក្សានេះធ្វើឡើង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់ សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេស ក្នុងការដំណើរការដោះស្រាយវិវាទការងារ រួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ឯកឧត្តមធ្លាប់មកបំពេញបេសកកម្ម នៅប្រទេសកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ លោកក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត។

លោកមានការភ្ញាក់ផ្អើល និងពិតជាកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យកា​រងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។

លោករដ្ឋមន្ត្រីអ៊ិត សំហេង បានថ្លែងទៅកាន់ឯកឧត្តមឯកអគ្គរ​ដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់។

លោកបន្តថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រង ទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

លោកបញ្ជាក់ថា “ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាត រវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here