សម្តេចអគ្គមហាពញាចក្រីៈ យុវជនសម័យសន្តិភាព និងសម័យសង្រ្គាមខុសគ្នាស្រលះ

ដោយៈ ហ្វីអូណា

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា។

សម្តេចបន្តថា សមិទ្ឋផលទាំងនេះ កើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន១២៤៩ នាក់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣កន្លងមកនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ​ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ រាជរដ្ឋាភិបាលបានកំណត់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។​

សម្តេចបន្តថា ហេតុនេះហើយទើបគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទ តែងតែមានសាលារៀនរហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្តមាន រហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែង​ នៅខេត្តត្បូងឃ្មុំយើងនេះ ពីអតីតកាលមកមិនដែលមានសាកលវិទ្យាល័យឡើយ ទើបតែសម័យនេះទេ ទើបមានសាកលវិទ្យាល័យដ៏ធំស្កឹមស្កៃ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ធនធានមនុស្សគឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។

កម្ពុជាពេលនេះ​ កំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ យុវជនយើងពិតជាមានឱកាសច្រើនណាស់ បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាពគឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗ រីករាយគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here