ការនាំចេញម្រេចរបស់វៀតណាម មិនជួបបញ្ហាប្រឈម ទោះកម្ពុជា ទទួលបានអាជ្ញាប័ណ្ណនាំចេញម្រេចទៅចិន

សុខុម

ហាណូយ: ក្រុមអ្នកជំនាញលើកឡើងថា ការនាំចេញម្រេចរបស់វៀតណាម មិនជួបបញ្ហាប្រឈមដោយសារតែកម្ពុជា ទទួលបានអាជ្ញាប័ណ្ណនាំចេញម្រេចរបស់ខ្លួនទៅកាន់ប្រទេសចិន ដោយផ្ទាល់នោះឡើយ។

ការិយាល័យពាណិជ្ជកម្មវៀតណាម នៅកម្ពុជា បានដកស្រង់ប្រភពពីកាសែត Khmer Times ថា ម្រេចរបស់កម្ពុជា នឹងមានលក់នៅប្រទេសចិន ដោយផ្ទាល់ បន្ទាប់ពីរដ្ឋបាលទូទៅនៃគយចិន (GACC) បានអនុម័តសំណើនាំចេញរបស់កម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Le Viet Anh ប្រធានការិយាល័យនៃសមាគមម្រេចវៀតណាម ថ្លែងថា ការនាំចេញម្រេចដោយផ្ទាល់របស់កម្ពុជា ទៅកាន់ប្រទេសចិន មិនមែនជាបញ្ហាប្រឈមសម្រាប់ការនាំចេញម្រេចរបស់វៀតណាម នោះឡើយដោយសារបរិមាណម្រេចនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន មានមិនច្រើន។

ប្រធានការិយាល័យរូបនេះបានបន្ថែមទៀតថា “ប្រហែល៩០%ទៅ៩៥%នៃទិន្នផលម្រេចរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសវៀតណាម បន្ទាប់មកអ្នកកែច្នៃនៅវៀតណាម បាននាំចេញម្រេចនេះបន្តទៅកាន់ប្រទេសផ្សេងទៀតរួមទាំងប្រទេសចិន ផងដែរ ជាពិសេសក្រុមហ៊ុនសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI)”។

លោក Hoang Phuoc Binh អនុប្រធានសមាគមម្រេច Chu Se Pepper Association បានលើកឡើងថា នេះគឺជារឿងធម្មតា។ ម្រេចរបស់កម្ពុជា ត្រូវបាននាំចេញភាគច្រើនទៅកាន់ប្រទេសវៀតណាម និងនាំចេញបន្តទៅកាន់ប្រទេសចិន។ នៅសល់១០%ទៅ២០%ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសចិន និងអឺរ៉ុប។

លោកបានបន្តថា ជាមួយនឹងការអនុញ្ញាតនេះ បរិមាណម្រេចដែលនាំចេញដោយផ្ទាល់ពីកម្ពុជា ទៅកាន់ប្រទេសចិន អាចនឹងកើនឡើង។ ដូចនេះយោងតាមអ្នកជំនាញ វាអាចបង្កើនសម្ពាធប្រកួតប្រជែងលើម្រេចវៀតណាម ដែលនាំចេញទៅកាន់ប្រទេសចិន នៅពេលអនាគត។

សមាគមម្រេចវៀតណាម និយាយថា កម្ពុជា គឺជាប្រទេសនាំចេញម្រេចធំបំផុតទី២ ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសប្រេស៊ីល។ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា បាននាំចេញម្រេចទៅកាន់ប្រទេសវៀតណាម ចំនួន១.៧១៥តោន ដោយធ្លាក់ចុះ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប៉ុន្តែនេះគឺជាការនាំចេញជាផ្លូវការ ដោយមិនរាប់បញ្ចូលការនាំចេញក្រៅផ្លូវការរាប់ពាន់តោន។

ប្រទេសចិន បាននាំចូលម្រេចពីវៀតណាម ជាមធ្យមចន្លោះពី៥០.០០០តោនទៅ៦.០០០តោនពីប្រទេសវៀតណាម ក្នុងមួយឆ្នាំៗ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here