ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃជាសកលនៅថ្ងៃចន្ទនេះ ដោយសារមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលនឹងផ្អាកដំឡើងអត្រាការប្រាក់របស់ខ្លួនក្នុងខែនេះ បន្ទាប់ពីរបាយការណ៍ការងារចម្រុះរបស់សហរដ្ឋអាមេរិក ប្រេងបានហក់ឡើងថ្លៃ ក្រោយអារ៉ាប៊ីសាអូឌីតបានសន្យាកាត់បន្ថយទិន្នផលដ៏ធំនៅក្នុងខែកក្កដា។
ប្រេង Brent បានហក់ឡើងថ្លៃ១,៨២ដុល្លារឬ ២,៤ភាគរយដល់ ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់អាមេរិក បានហក់ឡើងថ្លៃ១,៧៧ដុល្លារ ឬ ២,៤ភាគរយ ដល់៧៣,៥១ដុល្លារ។ តម្លៃប្រេងបានស្ថិតនៅក្រោមសម្ពាធក្នុងពេល ថ្មីៗនេះស្របពេលមានការព្រួយបារម្ភអំពីការថយចុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។
តម្លៃប្រេងបានកើនឡើង ខណៈដែលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួននឹងកាត់បន្ថយទិន្នផលរបស់ខ្លួនដល់៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា ពីប្រហែល១០លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា ដែលជាការកាត់បន្ថយដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
នៅថ្ងៃចន្ទនេះផ្សារហ៊ុនNikkei របស់ជប៉ុនបានហក់ឡើងថ្លៃ១ភាគរយដល់កម្រិតខ្ពស់ក្នុងរយៈពេល៣៣ឆ្នាំ ហើយភាគហ៊ុនរបស់អូស្ត្រាលីបាន ហក់ឡើងថ្លៃ១ភាគរយនិងផ្សារហ៊ុនKOSPIរបស់កូរ៉េខាងត្បូងបានហក់ឡើង០,៥ភាគរយ។
ផ្សារហ៊ុន S&P 500 futures បានធ្លាក់ថ្លៃ០,១ភាគរយ ហើយ Nasdaq futures បានធ្លាក់ថ្លៃ០,៣ភាគរយ បន្ទាប់ពីហក់ឡើងយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដែលជំរុញដោយរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិក ការដោះស្រាយបញ្ហាពិដានបំណុល និងការរំពឹងទុកនៃការផ្អាកដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែមិថុនានេះ។
ចំណែកឯ ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ០,៨ភាគរយលើប្រាក់យ៉េនជប៉ុនដល់១៣៩,៩៤យ៉េនក្នុងមួយដុល្លារ ខណៈដែលប្រាក់អឺរ៉ូបានធ្លាក់ថ្លៃ០,៥ភាគរយមកត្រឹម១,០៧០៦ដុល្លារ៕