កិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងលោក RCEP ចូលជាធរមានពេញលេញហើយសម្រាប់ប្រទេសសមាជិកទាំង១៥

ដោយៈ សុខុម

ប៉េកាំង: កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទើបតែបានចូលជាធរមានកាលពីថ្ងៃសុក្រ ទី០២ ខែមិថុនា សម្រាប់ប្រទេសហ្វីលីពីន ដែលនេះបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ពេលនេះបានចូលជាធរមានពេញលេញ សម្រាប់សមាជិកទាំង១៥ហើយ។

ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP យ៉ាងពេញលេញនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងសកម្មភាពរបស់ប្រទេសជាសមាជិកទាំង១៥របស់ខ្លួន ក្នុងការគាំទ្រប្រព័ន្ធធ្វើពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈបើកចំហ សេរី យុត្តិធម៌ ប្រកបដោយបរិយាប័ន និងផ្អែកលើច្បាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាជិកទាំង១៥ នៃកិច្ចព្រមព្រៀងនេះរួមមានសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រទេសចិន ប្រទេ​សជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។

កិច្ចព្រមព្រៀង RCEP ត្រូវបានប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ទាំង១៥ ចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចរចាអស់រយៈពេល៨ឆ្នាំ។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន នៅថ្ងៃដំបូងដើមឆ្នាំ២០២២ ដោយបង្កើតបាននូវប្លុកពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក។

ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន និយាយថា ការអនុវត្តពេញលេញនេះនឹងជួយពន្លឿន ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ ពង្រឹងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ព្រមទាំងការវិនិយោគនៅអាស៊ីបូព៌ា និងរួមចំណែកដល់ការអភិវឌ្ឍដ៏ស្ថិរភាព រយៈពេលវែងនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្ដាសមាជិករបស់RCEP បានកើនឡើង៧,៥%ពីមួយឆ្នាំទៅមួយឆ្នាំរហូត ឈានដល់ប្រមាណ១,៨២ទ្រីលានដុល្លារអាមេរិក ខណៈការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសចិន បានកើនឡើង២៣,១%ឈានរហូតដល់២៣,៥៣ពាន់លានដុល្លារអាមេរិក៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here