ប្រទេសថៃដាក់ចេញគោលដៅទាក់ទាញចំណូលដល់ទៅ៨៦ពាន់លានដុល្លារ ពីវិស័យទេសចរណ៍នៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) មានទំនុកចិត្តខ្ពស់ថា វិស័យទេសចរណ៍ អាចនឹងផ្តល់ចំណូលដល់រដ្ឋាភិបាល ៣ពាន់ពាន់លានបាត (៨៦ពាន់លានដុល្លារ) នៅឆ្នាំ ២០២៤ខាងមុខ ពោលគឺស្មើទៅនឹងកម្រិត ដែលរដ្ឋាភិបាលទទួលបាន នៅក្នុងឆ្នាំ២០១៩ផងដែរ។

លោក Tanes Petsuwan នាយករងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង ប្រចាំនៅអាជ្ញាធរ TAT បានមានប្រសាសន៍ថា “ស្ថាប័នរបស់លោក កំពុងធ្វើការលើផែនការថ្មី ក្នុងការផ្សព្វផ្សាយបន្ថែមទៀ​ត សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយរំពឹងថានឹងអាចបញ្ចប់សំ ណើរបស់ខ្លួន ដែលដាក់ជូនទៅកាន់រដ្ឋាភិបាលថ្មី នៅខែក្រោយនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tanes បានអះអាងទៀតថា “ TAT កំពុងកំណត់គោលដៅទាក់ទាញប្រាក់ចំណូល ឱ្យបាន៣ពាន់ពាន់លានបាត ពីឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០២៤ ក្នុងនោះប្រាក់ចំណូល២ពាន់ពាន់លានបាតពីទីផ្សារអន្តរជាតិ និង១ពាន់ពាន់លានបាត ពីទីផ្សារនៅក្នុងប្រទេស ”។

ផែនការគោលដៅដ៏ធំនេះ បានរៀបចំធ្វើឡើង បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរបរទេស ចូលប្រទេសថៃបានកើនឡើងជិត១១លាននាក់រួចមកហើយ ក្នុងរយ:ពេលត្រឹមតែ៥ខែដំបូង ក្នុងឆ្នាំ ២០២៣នេះ។

លោក Tanes បានបន្ថែមទៀតថា ប្រទេសថៃ កំពុងឆ្ពោះទៅរកគោលដៅទាក់ទាញភ្ញៀវទេសចរ ឱ្យបានយ៉ាងហោចណាស់២៥ លាននាក់ នៅឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន២,៣៨ពាន់ពាន់លានបាត។

ប្រទេសថៃកំពុងទទួលបានភ្ញៀវទេសចរ មកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន ច្រើនជាងគេ ជាមួយនឹងចំនួនជាង១លាននាក់រួចមកហើយ ហើយរំពឹងថា ចំនួននេះនឹងបន្តកើនឡើងដល់ ៥ ទៅ ៦ លាននាក់ ពីប្រទេសនីមួយៗ ស្របពេលថៃក៏បានបង្កើនចំនួន នៃការមកដល់របស់អ្នកធ្វើដំណើរប្រហែល៣លាននាក់ មកពីតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here