កម្ពុជា “ក្រមែន តែបេះដូងទូលាយ” បរិច្ចាគជំនួយមនុស្សធម៌៣០០.០០០ដុល្លារ ជួយដល់មីយ៉ាន់ម៉ា

សុខុម
ភ្នំពេញ: ជាការពិតណាស់ថា កម្ពុជា ត្រូវបានប្រសិទ្ធនាមថា “ប្រទេសតូច តែបេះដូងធំ” និង “ក្រមែន តែបេះដូងទូលាយ” ដែលសូម្បីក្នុងព្រឹត្តិការណ៍កីឡា Sea Games ជាប្រវត្តិសាស្ត្រកន្លងទៅថ្មីៗនេះក៏កម្ពុជា រ៉ាប់រងទាំងស្រុងលើការចំណាយគ្រប់បែបយ៉ាងរាប់ពីការហូបចុក និងការស្នាក់ប្រតិភូរបស់ប្រតិភូកីឡាបរទេស និងការមិនលក់សំបុត្រចូលទស្សនាទាំងសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស។

ហើយទន្ទឹមនេះកម្ពុជា នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នេះបានបរិច្ចាគជំនួយមនុស្សធម៌ចំនួន៣០០,០០០ដុល្លារអាមេរិក ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយព្យុះស៊ីក្លូនដ៏កំណាច។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា កញ្ចប់ជំនួយមនុស្សធម៌នេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់មីយ៉ាន់ម៉ា ក្នុងការសម្រាលផលប៉ះពាល់បង្កឡើងដោយខ្យល់ព្យុះស៊ីក្លូនដ៏កំណាច Mocha ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងបង្កការខូចខាចទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រគល់កញ្ចប់ជំនួយនេះជូនលោក យូ ធីត លីន អុញ (U Thit Linn Onh) ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា នៅក្រសួងការបរទេសក្នុងរាជធានីភ្នំពេញ។

លោក ញឹម ខេមរា បានបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសោកនាដកម្មដ៏អាក្រក់ដែលបង្កឡើងដោយខ្យល់ព្យុះស៊ីក្លូនមកលើអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ដោយសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងជម្នះកាលៈទេសៈដ៏លំបាកទាំងនេះបានយ៉ាងឆាប់រហ័ស៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here