សកម្មភាព​វិនិយោគ​ក្នុងស្រុក និង​ពី​បរទេស​មក​កម្ពុជា​នៅតែ​ដំណើរ​ការធម្មតា បើ​ទោះ​ពិភពលោក​ជួប​វិបត្តិ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ស្ថានភាព​វិនិយោគ​ក្នុងស្រុក ធុរកិច្ច និង​វិនិយោគ​មកពី​បរទេស​មកកាន់​កម្ពុជា មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ដោយ​សកម្មភាព​ពាណិជ្ជ​កម្ម និង​វិនិយោគ​មាន​ភាព​ធម្មតា បើ​ទោះ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ផលប៉ះពាល់​ជំងឺ​កូ​វីដ–១៩ ។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី សក្តានុពល​ទីផ្សារ​មូល​ប​ត្រ សម្រាប់​និរន្តរភាព​អាជីវកម្ម​នៅ​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បានឱ្យដឹងថា ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ពិភពលោក​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ក្នុងនោះ​ក៏មាន​កម្ពុជា​ដែល​ផ្នែក​ជាច្រើន ជាពិសេស​វិស័យ​ទេសចរណ៍​បាន​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​ទីផ្សារ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ បាន​ធ្លាក់ចុះ ធ្វើ​ឲ្យ​បាត់បង់​ការងារ និង​បាត់បង់​ប្រាក់ចំណូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​បានឱ្យដឹង​ទៀតថា “ការវិនិយោគ​ក្នុងស្រុក និង​វិនិយោគ​មកពី​បរទេស​នៅ​កម្ពុជា នៅ​ដំណើរការ​ជាធម្មតា ដោយ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះឡើយ” ។ លោក​បន្តថា “រាជរដ្ឋាភិបាល​បាន​អនុគ្រោះ និង​មានការ​យល់យោគ​ខ្ពស់ ជំរុញ​លើកទឹកចិត្ត ដើម្បី​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស មានឱកាស​ពង្រឹង​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន” ។

លោក​ឧកញ៉ា លឹម ហេង បាន​ថ្លែងថា ពាក់ព័ន្ធ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ នេះ ទោះបី​វិស័យ​មួយចំនួន​ធ្លាក់ចុះ តែ​ចំពោះ​វិស័យ​កសិកម្ម​របស់​កម្ពុជា មាន​កំណើន ព្រោះ​កម្ពុ​ជាមាន​ប្រជាជន​ជាង៨០% បាន​ប្រកបមុខរបរ​កសិកម្ម​នេះ។

ស្ថិតនៅក្នុង​ដំណាក់កាល​នេះ មាន​ក្រុមហ៊ុន​មួយចំនួន បាន​ងាក​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​បម្រើការ​ផ្គត់ផ្គង់​ទីផ្សារ និង​ស្រប​ពេលដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជំរុញ ពាណិជ្ជកម្ម រវាង​កម្ពុជា-ចិន និង​កម្ពុជា-កូរ៉េ ។

តាមរយៈ​បរិការណ៍​នេះ កម្ពុជា​នឹង​ទទួលបាន​ក្រុមហ៊ុន វិនិយោគ​លើ​ផ្នែក​កសិកម្ម ច្រើន​ថែមទៀត មក​វិនិយោគ ជាពិសេស​ការបង្កើត​រោងចក្រ​កែច្នៃ​ដើម្បី​នាំចេញ ខណៈពីមុនៗមក កម្ពុជា​ច្រើន​នាំ ចេញ​វត្ថុធាតុដើម​កសិផល ដោយ​មិនបាន​កែច្នៃ ដែល​ធ្វើ​ឲ្យ​បាន​បង់​លើ​តម្លៃបន្ថែម​ជាច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here