រោងចក្រដំឡើងរថយន្តទំនើបថ្មីរបស់ក្រុមហ៊ុន Toyota គ្រោងចំណាយពេលសាងសង់តិចជាង១ឆ្នាំ និងចាប់ផ្តើមផលិតកម្មនៅខែកក្កដាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota កំពុងត្រៀមសាងសង់បញ្ចប់រោងចក្រដំឡើងរថយន្តទំនើបតម្លៃជិត៤០លានដុល្លាររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញ នៅខែកក្កដា ហើយការផលិតក៏អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះផងដែរ។

ជាមួយនឹងផែនការបញ្ចប់ការសាងសង់រោងចក្រថ្មីនេះនៅក្នុងខែកក្កដាខាងមុខ នោះវានឹងជួយជំរុញបន្ថែមទៀតនូវភាពទាក់ទាញរបស់ប្រទេសកម្ពុជាដែលជាគោលដៅវិនិយោគ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងពីភាពទាក់ទាញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប  ក្នុងការនាំយកមកនូវការវិនិយោគ ជាពិសេសលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ហើយក្រុមហ៊ុនបរទេសជាច្រើនបានបោះទុនវិនិយោគនៅក្នុងតំបន់នេះរួចមកហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តសម្រាប់គម្រោងរោងចក្រដំឡើងរថយន្ត Toyota ដែលមានទុនវិនិយោគប្រមាណ៣៦,៧លានដុល្លារ។  វាក៏សារៈសំខាន់ផងដែរ ដែលរោងចក្រនេះត្រូវសាងសង់បញ្ចប់ក្នុងរយៈពេលតិចជាងមួយឆ្នាំ ហើយវាត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារដោយផ្ទាល់បានជិត១៥០កន្លែង។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Toyota Tsusho Corporation កាលពីខែវិច្ឆិកាឆ្នាំមុន បានឱ្យដឹងថា ខ្លួនបានបង្កើតក្រុមហ៊ុនដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) ក្នុងប្រទេសកម្ពុជា ជាមួយនឹងទុនវិនិយោគចំនួន៣៦,៨លានដុល្លារ។

រោងចក្រនេះគ្រោងនឹងដំឡើងរថយន្តភីកអាប់ Toyota Hilux និង Toyota Fortuner SUV នៅក្នុងស្រុក។  គម្រោងនេះគឺជាគំនិតផ្តួចផ្តើមផ្អែកលើ MOU ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្ត ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជប៉ុន Toyota Tsusho ។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា និងលោក Toshimitsu Imai អនុប្រធានក្រុមហ៊ុន Toyota Tsusho៕

LEAVE A REPLY

Please enter your comment!
Please enter your name here