ក្រុមហ៊ុនជប៉ុនចំនួនពីរគ្រោងវិនិយោគលើម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីរ

ដោយៈ គង់ សូរិយា

កំពង់ធំៈ ក្រុមហ៊ុនជប៉ុនចំនួន២ គ្រោង​វិនិយោគ​លើ​ម៉ាស៊ីន​កែច្នៃ​គ្រាប់ស្វាយចន្ទី​ចំនួន២-៣​ ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារជប៉ុន។​

កាលពី​សប្តាហ៍​មុន ​ក្រោម​កិច្ចសម្របសម្រួល​ពី​មន្ត្រី ​នៃ​ក្រសួងកសិកម្ម គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក Shimada Kazuichi នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mirarth Holding និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន Top planning Japan Co., Ltd បានធ្វើ​ដំណើរ​មក​ទស្ស​ន​កិច្ច និង​ជួបពិភាក្សា​នៅ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ​។

ដំណើរ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន គឺ​ពិនិត្យ​លទ្ធភាព​ក្នុង​ការសង់​អគារ​បន្ថែម​នៅក្នុង​បរិវេណ ឬ​ជិតគ្នា​នឹង​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយ​ចន្ទី ជ័យ សំបូរ ដើម្បី​ដាក់​ម៉ាស៊ីន​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី​ចំនួន ២ ឬ​៣ បន្ថែម​លើ​ម៉ាស៊ីន​ចំនួន២របស់​ក្រុមហ៊ុន Top planning Japan Co., Ltd​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ​ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ លោកស្រី អ៊ិន ឡៃ​ហ៊ួ​តបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹង​ម៉ាស៊ីន ​ដែល​កំពុងមាន​នាពេល​បច្ចុ​ប្បន្ន គឺ​ក្នុង១​ ខែ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ អាច​កែច្នៃ​គ្រាប់ស្វាយចន្ទី​សម្រេចបាន​ពី៦០-១០០​ តោន​។​

លោកស្រី​លើកឡើងថា ផែនការ​ដាក់​ម៉ាស៊ីន​របស់ Mirarth Holding នឹងចូលរួម​ចំណែក​យ៉ាងច្រើន ​ក្នុងការ​​បង្កើត​ការងារ ក៏ដូចជា​ជួយ​ឱ្យ​ប្រជា​កសិករ​ ដាំ​ដុះ​ស្វាយចន្ទី​ទទួលបាន​ចំ​ណូ​ល​ខ្ពស់ជាង​មុន​។ ក្នុង​ឆ្នាំ២០២៣ នេះ​គុណភាព​គ្រាប់ស្វាយចន្ទី​ឆៅ គឺ​ល្អប្រសើរ​ជាង​ឆ្នាំ ​២០២២ និង​មានតម្លៃ​ខ្ពស់​ផងដែរ ដោយ​តម្លៃ​ចន្លោះ​ពី​ជាង ៣ ០០០-៤ ០០០​ រៀល​ក្នុង១​ គីឡូក្រាម កើន​ពី​ជាង១៥០០​ រៀល​កាលពី​ឆ្នាំមុន​។​

លោកស្រី​បញ្ជាក់ថា​ “​ខ្ញុំ​រំពឹងថា សមត្ថភាព​កែច្នៃ​គ្រាប់ស្វា​យចន្ទី​របស់​សិប្ប​កម្ម ជ័យ សំបូរ នឹង​អាច​កើនឡើង​ទ្វេរដង ​ចាប់ពី​ឆ្នាំក្រោយ​តទៅ ខណៈMirarth Holding មានបំណង​ដាក់​ម៉ាស៊ីន ២-៣ទៀត​”។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​សក​) លោក អួន ស៊ី​ឡុ​ត បានឱ្យដឹងថា Mirarth Holding គឺជា​ក្រុម​​ហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​មកពី​ប្រទេស​ជប៉ុន ដោយ​ក្រុមហ៊ុន​គ្រោង​ នឹង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Top Planning Japan ដែល​កំពុងដំណើរការ​ស្រាប់​លើ​ការងារ​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី ​នៅ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បី​បង្កើន​សមត្ថភាព​ផលិត និង​នាំ​ចេញទៅ​ទីផ្សារ​ជប៉ុន កូរ៉េ ចិន និង​អឺរ៉ុប ជាដើម​។​

លោកស៊ី​ឡុ​តបានបន្តថា ការ​សហការ​រវាង​ក្រុមហ៊ុន​ជប៉ុន​ទាំង ​២ ​នឹង​បង្កើន​សមត្ថភាព​នៃ​ការប្រមូលទិញ​ គ្រាប់​ចន្ទី​ស្រស់​ពី​កសិករ​ក្នុង​គោលបំណង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ ដែលមាន​គុណភាព​លេខ​១ សម្រាប់​នាំចេញ រួមជាមួយ​ពង្រីក​ការកែច្នៃ​ទៅលើ​សម្បក​គ្រាប់​ចន្ទី​ជា​ប្រេងឥន្ធនៈ ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើន​តម្លៃបន្ថែម​ផងដែរ​​។​

របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៧ ​ម៉ឺន​តោន គិត​ជា​ប្រាក់១៧៧​លាន​ដុល្លារ​។ ក្នុងនោះ​ប្រទេស​នាំចូល​គ្រាប់ស្វាយ​ចន្ទី​ពី​កម្ពុជា មានដូចជា វៀតណាម ជប៉ុន និង​ចិន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ កំពុង​សម្លឹងមើល​ឱកាស​នាំចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here