ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្លឹបគុនEmei-Legend ដ៏ធំពីខេត្តស៊ីឈាន់ សហការរួមគ្នាអភិវឌ្ឍន៍ទេសចរណ៍កីឡានៅកម្ពុជា ដើម្បីជំរុញកំណើនទេសចរអន្តរជាតិឱ្យកាន់តែច្រើនឡើង។
ផែនការនេះត្រូវបានលើកឡើង នៅពេលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់សាធារណរដ្ឋប្រជាមានិតចិន និងលោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រ លើគម្រោងសហប្រតិបត្តិការ បង្កើតព្រឹត្តិការណ៍កីឡាប្រដាល់ធំៗ និងជាលក្ខណៈអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍របស់ស្ថាប័នកីឡា ប្រដាល់ទាំងពីរនៅប្រទេសកម្ពុជា និងប្រទេសចិន នាទីស្តីការក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ស្ថាប័នទាំងពីរ ដែលបានសម្លឹងមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការផ្សារភា្ជប់កីឡាប្រដាល់ដែលជាមត៌កសម្រាប់ការពារខ្លួន និងបូរណភាពជាតិ ក៏ជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏យូរលង់របស់ប្រទេសទាំងពីរ ដែលជួយផ្សព្វផ្សាយពីគុនខ្មែរ-ល្បុក្កតោដល់ប្រជាជនចិន និងពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់ប្រទេសកម្ពុជា តាមរយៈគុនខ្មែរ-ល្បុក្កតោផងដែរ៕