កម្ពុជារកបានចំណូលជាង១០០០លានដុល្លារពីការនាំចេញ ស្រូវ និងអង្ករ

ដោយៈ និស្ស័យ

    ភ្នំពេញៈ កម្ពុជា​បាន​នាំ​​ចេញ​​​ស្រូវ -​អង្ករ ទៅទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​សរុប​​ជិត៣,៦ លានតោន​​​​​​នៅ​ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៥ ​ដោយ​ប្រមូល​​បាន​ប្រាក់​​ជាង១ពាន់លាន​ដុល្លារ កើនឡើងជិត៧​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​មុន។​

នៅកម្ពុជាបច្ចុប្បន្ន​នេះ ​មាន​​ក្រុមហ៊ុន​ចំនួន៥០​កំពុង​ធ្វើ​ប្រតិបត្តិការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យ​សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានបង្ហាញថា ចាប់ពីខែមករា ដល់​ខែ​មិថុនា ឆ្នាំ​២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧,០៧០​តោន​ទៅ​កាន់​ប្រទេស/ដែនដី​៦៣ ដោយ​ប្រមូល​បាន​ប្រាក់​២៨៣,៤១​លានដុល្លារ។ កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួន៣៣៨,៦៥៤​ តោន គិតជាប្រាក់២៤៧,៦លានដុល្លារ។

ស្ថាប័នខាងលើបានឲ្យដឹងថា គោលដៅនាំចេញ​អង្ករ​សំខាន់ៗ​ក្នុងឆមាស​ទី​១ ឆ្នាំ​​​២០២៥ ​រួមមាន បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប(២៦ ​ប្រទេស) មាន​បរិមាណ១៨២,៨៨៥​តោន គិតជាប្រាក់១៤៣,៦៤ លានដុល្លារ ប្រទេសចិន និងតំបន់​រដ្ឋបាលស្វយ័ត១០២, ៥០៩​តោន គិតជាប្រាក់៦០,២៥​លានដុល្លារ, ប្រទេសសមាជិក​អាស៊ាន (៧ ប្រទេស)៥២,៨៩០​តោន គិតជាប្រាក់៣៧,០៩​លានដុល្លារ និង​គោលដៅផ្សេងៗ​ទៀត​(៣២ ប្រទេស)៤៨,៧៨៥​ តោន គិតជាប្រាក់ ៤២,៤២​លានដុល្លារ។

ដោចំណែកការ​​នាំចេញ​ស្រូវ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ សម្រេចបាន​៣,១៧៦,៥៦១​តោន គិតជាប្រាក់៧៥៧,៤៩ លានដុល្លារ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ដែល​មាន​បរិមាណ​២,៥២៨, ០១១​តោន និង​ទទួល​បាន​​​ប្រាក់៧២៧,៣៦​លាន​ដុល្លារ​។ នេះ​បើ​តាម CRF។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល ក្នុង​​ខួប ១០ឆ្នាំ​នៃការបង្កើត​សហព័ន្ធ​ស្រូវអង្ករកម្ពុជា(CRF) កាល​ពី​ថ្ងៃ​ទី​១៦ ខែមិថុនា បានលើក​ឡើង​ថា ជាមួយនឹងកិច្ចខិតខំរួមគ្នា រវាង​សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បច្ចុប្បន្ន​កម្ពុជាបានប្រែក្លាយខ្លួន ទៅជាប្រទេស​មានអតិរេកស្រូវអង្ករ​យ៉ាង​ច្រើន។​ ជាក់ស្តែង​នៅដើមនីតិកាលទី៧ នៃ​រដ្ឋសភានេះ ក្រសួងពាណិជ្ជកម្ម​បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នា នាំចេញអង្ករ​ទៅប្រទេសចិនចំនួន៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ចំនួន៣៧,៥០០តោន និងប្រទេសទីម័រលេស្តេរ៤០០០តោន។

កាល​ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករជាង៦៥ម៉ឺន​​តោន ​ទៅកាន់ប្រទេសចំនួន៧៥។

លោកស្រីបាន​ថ្លែង​​ថា “​ស្រូវ គឺ​ជា​ដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពល ក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញ​ទៀត​ផង​”។ លោកស្រី​បន្ត​ថា “​តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចា ជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា”។

គុណភាពអង្ករកម្ពុជា ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​អង្ករ​​មាន​គុណ​ភាព​ល្អ​ដាច់​គេ ដោយ​ធ្លាប់​បាន​ឈ្នះ “​​​ពាន​រង្វាន់​ជា​អង្ករល្អ​ដាច់គេ​លើ​ពិភពលោក”ចំនួន៦លើក​រួច​មក​ហើយ គឺ​​ក្នុង​​​ឆ្នាំ២០១២ ២០១៣, ២០១៤, ២០១៨, ២០២២, និងលើក​ចុង​ក្រោយ​កាល​ពី​​ឆ្នាំ​២០២៤​៕

LEAVE A REPLY

Please enter your comment!
Please enter your name here