ដោយៈ ម៉ាណា
កំពង់ចាមៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា”។
សិក្ខាសាលានេះ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកមេមត់ និងមានការអញ្ជើញចូលរួម ពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ តំណាងអភិបាលនៃគណៈអភិបាលខេត្ដក្រចេះ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៣ រួមមាន ត្បូងឃ្មុំ ក្រចេះ កំពង់ចាម ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ទី១. ផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំ គោលនយោបាយម្រេចកម្ពុជា និង ទី២. ប្រមូលធាតុចូល និងអនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងបានលើកឡើងពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែម នៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូល កសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕