ប្រទេសថៃគ្រោងសាងសង់ខ្សែរថភ្លើងថ្មី Brown Line តម្លៃជាង១ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាជ្ញាធរដឹកជញ្ជូនរហ័សនៃប្រទេសថៃ (MRTA) កំពុងរៀបចំដើម្បីធ្វើការសិក្សាអំពីលទ្ធភាពសម្រាប់ផ្លូវរថភ្លើងខ្សែ Brown Line ដែលនឹងតភ្ជាប់ទីក្រុង Khae Rai ស្ថិតក្នុងខេត្ត Nonthaburi ជាមួយក្រុង Lam Sali នៅភាគខាងកើតទីក្រុងបាងកក។

លោក Sarawut Songsivilai អគ្គនាយកនៃនាយកដ្ឋានផ្លូវហាយវេបានមានប្រសាសន៍ថា ក្រុមប្រឹក្សាភិបាល MRTA បានអនុម័តការសិក្សាសម្រាប់គម្រោងដឹកជញ្ជូនសាធារណៈតម្លៃ៤៩,៨ពាន់លានបាត(ប្រហែល១,៤៤ពាន់លានដុល្លារ)កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ចំណែកឯ លទ្ធផល​នៃ​ការ​សិក្សា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​រដ្ឋាភិបាល​ថ្មី​ដើម្បី​អនុម័ត​នៅ​ខែ​ធ្នូខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sarawut បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលថ្មីផ្តល់ភ្លើងខៀវ MRTA នឹងហៅការដេញថ្លៃសម្រាប់អ្នកម៉ៅការ ហើយការសាងសង់អាចចាប់ផ្តើមនៅក្នុងពេលណាមួយនៅឆ្នាំ២០២៥។

ខ្សែរថភ្លើង Brown បានប្រឈមមុខនឹងការពន្យារពេលជាច្រើន ដោយសារវាត្រូវបានគ្រោងទុកក្នុងពេលដំណាលគ្នានឹងដំណាក់កាលទី៣នៃការពង្រីកផ្លូវហាយវេ N2 របស់អាជ្ញាធរផ្លូវហាយវេនៃប្រទេសថៃ (Exat) ដែលនឹងឆ្លងកាត់តំបន់ដូចគ្នាទៅនឹងផ្លូវដែកដែលបានគ្រោងទុក។

ការងារសាងសង់ផ្លូវហាយវេ N2 គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥ ពោលគឺជាពេលវេលាដូចគ្នាដែល MRTA មានបំណងចាប់ផ្តើមការងារសាងសង់ខ្សែរថភ្លើង។

លោក Sarawut បាន​ផ្តល់​នូវការ​ធានា​ថា គម្រោង​សាងសង់​ស្រប​ទន្ទឹមគ្នា​នេះនឹង​មិន​បង្ក​ជាការ​រំខាន​ដល់​ចរាចរណ៍​ខ្លាំង​ពេក​នោះទេ។

ការអនុម័តក៏នឹងត្រូវឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ផងដែរ។ លោក Sarawut បានបន្ថែមថា MRTA នឹងបញ្ជូនព័ត៌មានដែលត្រូវការទៅការិយាល័យដឹកជញ្ជូន គោលនយោបាយ និងផែនការចរាចរណ៍ ដែលបន្ទាប់មកនឹងបញ្ជូនទិន្នន័យទៅគណៈកម្មាធិការអ្នកជំនាញ EIA ៕

LEAVE A REPLY

Please enter your comment!
Please enter your name here