រោងចក្រផលិតសំបកកង់នៅខេត្តព្រះសីហនុគ្រោងនាំចេញសំបកកង់ជិត៦លានគ្រាប់ក្នុងមួយឆ្នាំ

ដោយ: គង់ លាងហួរ

ព្រះសីហនុ: រោងចក្រ​ផលិត​សំបក​កង់​ដែល​បោះទុនវិនិយោគ​ដោយ​ក្រុមហ៊ុនចិន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) បាន​បើក​ដំណើរការ​ជា​ផ្លូវ​ការ​ហើយកាលពីថ្ងៃ​ចន្ទម្សិលមិញនេះ។

រោងចក្រផលិតសំបកកង់ General Tire Technology (Cambodia) តម្លៃ៣០០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមាត់សមុទ្រព្រះសីហនុ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសំបកកង់ចិន Jiangsu General Science Technology។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានអញ្ជើញកាត់ខ្សែបូសម្ពោធរោងចក្រនេះជាផ្លូវការ ដោយចូលរួមក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន (BRI) នៅតំបន់សេដ្ឋកិច្ចពិសេស SSEZ។

សម្តេចតេជោបានមានប្រសាសន៍ថា រោងចក្រសំបកកង់គឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្រោមគំនិតផ្តួចផ្តើម BRI ដោយបន្ថែមថារោងចក្រនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកែច្នៃកៅស៊ូក្នុងស្រុកទៅជាសំបកកង់។

សម្តេចបន្ត​ទៀតថា​ “រោងចក្រ​បាន​នាំ​មក​នូវ​ដើមទុន​ថ្មី បច្ចេកវិទ្យា​ទំនើប និង​ជំនាញ​ផលិត​សំបក​កង់​រថយន្ត​មក​កាន់កម្ពុជា​ ហើយរោងចក្រនេះនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលរបស់កសិករយើងដោយផ្ទាល់”។

លោក Gu Cui ប្រធានក្រុមហ៊ុន Jiangsu General Science Technology បានមានប្រសាសន៍ថា រោងចក្រនេះមានសមត្ថភាពផលិតសំបកកង់ពាក់កណ្តាលដែកចំនួន៥លានកង់ និងសំបកកង់រ៉ាឌីកាល់ដែកទាំងអស់៩០០.០០០ក្នុងមួយឆ្នាំ។

លោក Gu Cui បានមានប្រសាសន៍បន្ថែមទៀតថា “ផលិតផលរបស់យើងនឹងត្រូវបាននាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងប្រេស៊ីលក្នុងចំណោមផលិតផលផ្សេងទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here