ក្រុមអ្នកជំនាញ: ការវិនិយោគរបស់ចិន ផ្ដល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា

ដោយ៖ សុខុម

ភ្នំពេញ:  ក្រុមមន្ត្រីជាន់ខ្ពស់បានលើកឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា ថា ការវិនិយោគរបស់ប្រទេសចិន បានចូលរួមចំណែកយ៉ាងសម្បើមដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា ការវិនិយោគរបស់ប្រទេសចិន គ្របដណ្ដប់៩០,៥%នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ក្នុងឆ្នាំ២០២២ និង៧៣,៥%ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។

លោកបានថ្លែងប្រាប់វេទិកាធុរកិច្ចកម្ពុជា-ចិន រៀបចំឡើងនៅរាជធានីភ្នំពេញ ថា “ប្រទេសចិន តែងតែជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុតនៅកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា”។

លោកមានប្រសាសន៍ថា ការវិនិយោគពីប្រទេសចិន បានចាក់បញ្ចូលមូលធនថ្មីមកកាន់កម្ពុជា បាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ជួយបង្កើតការងារ បង្កើនផលិតកម្ម និងការនាំចេញ និងបានជួយជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។

លោកគូសបញ្ជាក់ថា “រំហូរចូលនៃ FDI ពីប្រទេសចិន បានឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំរបស់អ្នកវិនិយោគចិន នៅកម្ពុជា។ ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគចិន មកកាន់កម្ពុជា”។

លោក ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ជាង៨០%នៃអ្នកវិនិយោគបរទេសនៅកម្ពុជា គឺមកពីប្រទេសចិន។

លោកមានប្រសាសន៍ក្នុងវេទិកាខាងលើនេះថា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក្នុងចំណោមកត្តាផ្សេងៗទៀតបានលើកទឹកចិត្តអ្នកវិនិយោគចិន កាន់តែច្រើនមកកាន់កម្ពុជា”។

លោកបានបន្ថែមថា “ការវិនិយោគរបស់ប្រទេសចិន នៅទីនេះបានផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងលទ្ធផលឈ្នះ-ឈ្នះសម្រាប់ទាំងអស់គ្នា”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការវិនិយោគរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដែលបង្កើតការងាររាប់សែនកន្លែងសម្រាប់ពលរដ្ឋ។

លោក នាគ ចាន់ដារិទ្ធ នាយកមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ មានប្រសាសន៍ថា ក្រុមហ៊ុនសហគ្រាសដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ក្រុមហ៊ុនចិន ទាំងនោះជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជួយប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here