ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃនៅសុក្រនេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ី ហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈដែលក្តីសង្ឃឹមកំពុងកើនឡើង ចំពោះកិច្ចព្រមព្រៀងលើពិដានបំណុលរបស់សហរដ្ឋអាមេរិក និងទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំ ខណៈផ្សារហ៊ុនNikkei របស់ប្រទេសជប៉ុនបានហក់ឡើង ដល់កម្រិតខ្ពស់​បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣៣ឆ្នាំ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុនរបស់ MSCI បានហក់ឡើង០,២ភាគរយ នៅក្នុងការជួញដូរ ហើយត្រូវបានកំណត់ថា នឹងអាចហក់ឡើង០,៦ភាគរយ សម្រាប់សប្តាហ៍នេះ ដែលជាដំណើរការល្អបំផុតក្នុងរយៈពេលជាងមួយខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលី បានហក់ឡើង០,៦៦ភាគរយ ខណៈដែលផ្សារហ៊ុន Nikkei របស់ជប៉ុនបានបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែសីហា ឆ្នាំ១៩៩០។

ការយកចិត្តទុកដាក់ របស់វិនិយោគិនមានភាពរឹងមាំ ដោយសារការចរចាលើពិដានបំណុល របស់សហរដ្ឋអាមេរិក និងការកើនឡើងនូវសុទិដ្ឋិនិយមដែលថា កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេច ក្នុងពេលឆាប់ៗនេះ ដែលបានធ្វើឱ្យភាគហ៊ុនអាមេរិក ហក់ឡើងថ្លៃខ្ពស់ពេញមួយយប់។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានសភាតំណាងរាស្រ្ដលោកKevin McCarthy មកពីគណបក្សសាធា​រណរដ្ឋសង្ឃឹមថា នឹងអាចបញ្ចប់កិច្ចព្រមព្រៀងស្តីពី ការជំពាក់បំណុ​ល បន្ទាប់ពីលោកBiden ត្រឡប់មកពីកិច្ចប្រជុំ G7 នៅក្នុងប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here