ចិនអាចនឹងវ៉ាដាច់ជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តច្រើន បំផុតទី១នៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនអាចនឹងវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាអ្នកនាំចេញរថយន្តកំពូល របស់ពិភពលោកនៅឆ្នាំនេះ ដោយគេព្យា ករណ៍ថា ការនាំចេញនឹងកើនរហូតដល់៤,៥លានគ្រឿង ដោយ សារការកើនឡើងនៃផលិតកម្ម និងបច្ចេកវិទ្យានៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍ Shanghai Auto ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកឈានមុខគេរាប់សិបដែលរួមមាន ដូចជា ក្រុមហ៊ុន SAIC Motor ក្រុមហ៊ុន Chery Automobile ក្រុមហ៊ុន Geely ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC Motor កំពុងផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់ឈ្មួញមកពីទីផ្សារក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីកំពូលមួយរូបនៃសមាគមរថយន្ត ដឹកអ្នកដំណើរចិន (CPCA) បានអះអាងថា ការនាំចេញរថយន្តអាចឈានដល់៤លានគ្រឿងជាលើកដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើងជិត៣០ភាគរយ ពីចំនួន៣,១១លានគ្រឿង ដែលបាននាំចេញកាលពីឆ្នាំមុន។

លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានមានប្រសាសន៍ថា “គោលដៅគឺអាចសម្រេចបាន ប្រសិនបើតម្រូវការទូទៅ សម្រាប់យានយន្តនៅបរទេសនៅតែមានស្ថិរភាព ហើយក្រុមហ៊ុនរថយន្តចិន មានសក្តានុពលក្នុងការបង្កើនការលក់នៅក្រៅប្រទេសរបស់ពួកគេ”។

ប្រសិនបើការព្យាករណ៍លើការលក់ នៅក្នុងទីផ្សារបរទេសបង្ហា ញថា មានភាពត្រឹមត្រូវ នោះប្រទេសចិនប្រហែលជាវ៉ា ដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាអ្នកនាំចេញរថយន្ត កំពូលរបស់ពិភពលោក។  ជាក់ស្តែង កាលពីឆ្នាំ២០២២ ការនាំចេញរថយន្តរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជិត៨ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំមកនៅត្រឹមតែ៣,៥លានគ្រឿងប៉ុណ្ណោះ។

ក្រុមនាយកប្រតិបត្តិឧស្សាហកម្មមួយចំនួន បានលើកឡើងថា ក្រុមហ៊ុនចិនអាចនាំចេញ រថយន្តបានដល់ទៅ៤,៥លានគ្រឿងនៅឆ្នាំនេះ ដោយសារតែផលិតផលរបស់ពួកគេ មានប្រជាប្រិយភាពនៅតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងត្បូង និងតំបន់អាហ្វ្រិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here