សម្ដេចក្រឡាហោមស ខេងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ ឧសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាយការណ៍នូវសេចក្ដីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃជូនសម្ដេចក្រឡាហោម ស ខេងថា ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលពី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយការយកចិត្តទុកដាក់សំខាន់ ទៅលើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង តាមបែបប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា និងឌីជីថល ដើម្បីជំរុញនូវប្រសិទ្ធភាព នៃការងារ ក្នុងវិស័យសាធារណៈ និងសន្ដិសុខជាតិឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺការអភវិឌ្ឍធនធានមនុស្ស ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ដថា លើសពីនេះប្រព័ន្ធបច្ចេកវិទ្យា ក៏ជាកម្លាំងមួយយ៉ាងសំខាន់ ក្នុងការទាញយកនូវផលប្រយោជន៍​ សម្រាប់ធ្វើការអភិ​វឌ្ឍប្រទេសជាតិ និងការតភ្ជាប់ប្រព័ន្ធជាលក្ខណៈសកលផងដែរ។ លោកបានបន្ដទៀត យោងតាមស្មារតីនេះ និងដើម្បីជួយក្នុងការជំរុញនូវកិច្ចការកំណត់ដោយរាជរដ្ឋាភិបាល បណ្ដាក្រសួងនានាចំណុះរាជរដ្ឋាភិបាល ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងទាន់ពេលវេលាសម្រាប់ការវិឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តន៍កម្មឌីជីថល ដោយបានរៀបចំបង្កើត នូវក្របខណ្ឌគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ជាបន្ដបន្ទាប់សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ដោយស្របតាមគោលនយោបាយ និងចក្ខុវិស័យដែលរាជរដ្ឋាភិបាល បានរៀបចំនាពេលកន្លងមក។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីទាំងអស់ បានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឈន៍ប្រសិទ្ធភាពការងារ ឱ្យតែល្អឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាការងារដ៏សំខាន់មួយក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ ដោយសម្តេចក្រឡាហោម បានជំរុញបន្ថែ​មដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ច៉ត់បំផុត ដែលប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here