តម្លៃមាសនៅទ្រឹងខណៈ ក្រុមពាណិជ្ជករកំពុងស្វែងរកទិសដៅពីការចរចាលើពិដានបំណុលអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងលើការជួញដូរនៅតំបន់អាស៊ីក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈទីផ្សារផ្តោតលើការចរចាកម្រិតបំណុលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការហក់ឡើងថ្លៃនៃប្រាក់ដុល្លារកាន់តែរឹងមាំ បន្ទាប់ពីពាណិជ្ជករបានបន្ទាបការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះដោយធនាគារ Federal Reserve ។

មាស Spot Gold មានស្ថិរភាពនៅត្រឹមតម្លៃ១៩៨២,៨៥ដុល្លារក្នុងមួយអោននៅត្រឹមម៉ោង 0046 GMT ខណៈពេលដែលមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresមានតម្លៃ១៩៨៥,៣ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានរក្សាភាពរឹងមាំបន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំពីរសប្តាហ៍ក្នុងវគ្គមុន ដែលធ្វើអោយមាសលែងសូវមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគក្រៅប្រទេស។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងសមាជិកសភាកំពូលមកពីគណបក្សសាធារណរដ្ឋគឺលោក Kevin McCarthy កាលពីថ្ងៃពុធបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ ដើម្បីដំឡើងពិដានបំណុលចំនួន៣១,៤ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ និងជៀសវាងការបរាជ័យផ្នែកសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលរតនាគារសហរដ្ឋអាមេរិក(Treasury yields)បានកើនឡើងកាលពីថ្ងៃពុធ ចំពេលមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នជុំវិញកិច្ចពិភាក្សារបស់សមាជិកសភាដើម្បីបង្កើនពិដានបំណុលរបស់សហរដ្ឋអាមេរិក និងដោយសារការរំពឹងទុកនៃអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូរ។

យោងតាម របាយការណ៍ ពី ធនាគារ កណ្តាល នៃ ទីក្រុង ញូវយ៉កបានឱ្យដឹងថា ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចនៅពេលដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Federal Reserve យ៉ាងឆាប់រហ័សនៅតែមានកម្រិតខ្ពស់។

ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាការការពារប្រឆាំងនឹងអតិផរណា ប៉ុន្តែការកើនឡើងនៃអត្រាការប្រាក់បានធ្វើឱ្យភាពទាក់ទាញរបស់ដុំមាសដែលមិនផ្តល់ទិន្នផល(non-yielding bullion)មានការធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here