សហភាពអឺរ៉ុបបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈតម្លៃថាមពលធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សំណួរជាច្រើនបានវិលវល់ ជុំវិញភាពខ្លាំងនៃការងើបឡើងវិញរបស់ប្រទេសចិនពីការបិទខ្ទប់ និងមានការពិភាក្សាអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក។  ទោះជាយ៉ាងនេះក្តី ទស្សនវិស័យសេដ្ឋកិច្ច របស់អឺរ៉ុបបានភ្លឺស្វាង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើយោងតាមគណៈកម្មការអឺរ៉ុប។

ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានបង្កើននូវទស្សនវិស័យកំណើនសេដ្ឋកិច្ច របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ឥឡូវនេះ សេដ្ឋកិច្ចសហភាពអឺរ៉ុប ត្រូវបានព្យាករណ៍ថា នឹងកើនឡើង១% នៅឆ្នាំ២០២៣នេះ ពោលគឺកើនឡើងពីការព្យាក រណ៍ត្រឹមតែ០,៨%កាលពីខែកុម្ភៈ។

វាឆ្លុះបញ្ចាំងពីតម្លៃថាមពល ធ្លាក់ចុះទាបយ៉ាងខ្លាំង ដែលជួយកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងបន្ធូរបន្ថយភាពតានតឹងលើគ្រួសារ  ទីផ្សារការងារដ៏រឹងមាំ និងការជំរុញរបស់រដ្ឋាភិបាលដែលកំពុងបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងនេះក្តី គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថា ការចំណាយលើការខ្ចីប្រាក់ខ្ពស់ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងតម្លៃទំនិញ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចជួប បញ្ហានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ធនាគារកណ្តាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់ចំនួន០,២៥%នៅក្នុងខែនេះ ដែលជាការដំឡើងតិចតួចបំផុត ចាប់តាំងពីធនាគារនេះ បានចាប់ផ្តើមបង្កើនអត្រាការប្រាក់ ប៉ុន្តែវាបានចង្អុលបង្ហាញអំពីការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដែលនឹងកើតឡើងដោយសារតែអត្រាអតិផរណា។

លោក Paolo Gentiloni រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់គណៈកម្មការអឺរ៉ុបបានឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “កត្តាសំខាន់ៗដែលគាំទ្រការព្យាករណ៍នេះ ដើរក្នុងទិសដៅផ្ទុយគ្នា ទី១ ការធ្លាក់ចុះនៃតម្លៃថាមពល និងទីផ្សារការងារដែលមានភាពធន់ និងម្យ៉ាងវិញទៀតគឺការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here