ដោយៈ ជេស៊ីកា
ភ្នំពេញៈ ថ្លែងទាំងសម្លេងក្តុកក្តួល ក្នុងពិធីបិទស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា “ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។
សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីបិទកីឡាស៊ីហ្គេមកាលពីរាត្រីថ្ងៃទី១៧ ឧសភាថា “បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបាន”។
សម្តេចតេជោបន្តថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យ ក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា “តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដោយស្មោះអស់ពីចិត្ត”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ ដែលបានបន្សល់ទុកនូវកេរមរតក សម្រាប់ភាពជោគជ័យស៊ីហ្គេមឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋាន ជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតកូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភ័ក្រ្តអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយក សម្រាប់ការកែលម្អ នាពេលអនាគត៕