រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបានចំណូលជាង២០លានដុល្លារ និងប្រាក់ចំណេញសុទ្ធជាង៩លានដុល្លារ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជា ទទួ​លបានចំណូលជាង២០លានដុល្លារអាមេរិក កើនឡើង១.២១% និងទទួលបានប្រាក់ចំណេញប្រមាណ៩.២លានដុល្លារ កើនឡើង ២៦​.៨០% ខណៈការប្រជុំបែងចែកភាគហ៊ុនិក នឹងធ្វើឡើងនៅចុងខែឧសភានេះ។

​នេះបើយោងតាមទិន្នន័យបង្ហាញ ដោយទីផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ទទួលបានចំណូលចំនួនជាង៨៣ពាន់លានរៀល (៨៣ ០១១ ៦១៣ ០០០ រៀល) ឬប្រមាណ ២០លានដុល្លារ កើនឡើងចំនួនជាង៩៩១លានរៀល ស្មើនឹង១.២១%​, ចំណេញប្រតិបត្តិការចំនួន២៦​ពាន់លានរៀល ថយចុះចំនួន៥ពាន់លានរៀល ស្មើនឹង១៦.១២% និងចំណេញសុទ្ធ ចំនួនជាង៣៨ពាន់លានរៀល កើនឡើងចំនួនជាង៨ពាន់លានរៀល ស្មើនឹង២៦.៨០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។

មូលហេតុចម្បងនៃការកើនឡើងចំណូល ថយចុះចំណេញប្រតិបត្តិការ និងកើនឡើងចំពេញសុទ្ធក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដោយសារចំណូលការប្រាក់សុទ្ធ កើនចំនួន៦.២ពាន់លានរៀល ស្មើនឹង៧១.៩១%។ ពន្ធលើប្រាក់ចំណូលបានថយចុះចំនួនជាង៧ពាន់លានរៀល ស្មើនឹង៦៧.៩៥% ទោះបីជាការចំណាយបានកើនឡើងចំនួនជាង៦.១ពាន់លានរៀល ស្មើនឹង១២​.៣២%ក៏ដោយ។

​    លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកោះប្រជុំភាគហ៊ុនិក ឬរៀបចំមហាសន្និបាទភាគហ៊ុនិក នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីកំណត់ការបែងចែកភាគលាភ ទៅតាមកម្រិតភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុននីមួយៗ។

លោកបន្តថា ភាគហ៊ុនរដ្ឋាករទឹក ជាភាគហ៊ុនមួយដែលមានស្ថេរភាពល្អ។ ទោះបីជាការដាក់ឱ្យដំណើរការសាកល្បង នៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មិនទាន់ជះឥទ្ធិពលដល់តម្លៃហ៊ុនរបស់ រដ្ឋាករទឹកនាពេលបច្ចុប្បន្ននៅឡើយ ប៉ុន្តែនៅពេលខាងមុខ ពេលមានរោងចក្រផលិតកម្ម​ និងផលិតបានទឹកស្អាតបានបន្ថែម ដែលនឹងធ្វើឱ្យបរិមាណ នៃការលក់របស់រដ្ឋាករទឹកនឹងកើនឡើង ​នឹងធ្វើឱ្យស្ថានភាពអាជីវកម្ម ប្រាក់ចំណូល និងប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើង ។ កត្តានេះនឹងធ្វើឱ្យវិនិយោគ​ចាប់ផ្តើមពិចារណា និងធ្វើការសម្រេចចិត្តជាថ្មី។

លោកហុង សុហួរបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧មកភាគហ៊ុនរបស់រដ្ឋាករទឹក មានទំនោរកើនឡើងជាប្រចាំ ដែលមកដល់ពេលនេះកើនឡើងជិត៣ដង បើធៀបនឹងកាលពីឆ្នាំ២០១៧ ដែលជាសញ្ញា​ណមួយបញ្ជាក់ថា វិនិយោគិនកាន់តែច្រើនមើលឃើញ ពីសក្តានុពល និងទំនុកចិត្តលើអាជីវកម្ម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here