ក្រុមមន្រ្តីបើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់គម្រោងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ដើម្បីដោះស្រាយផលប៉ះពាល់ នៃគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ លោកភី សុភាត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្ត បានបង្កើតក្រុមការងារ សម្រាប់ដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ចំនួន២ក្រុម ដឹកនាំដោយអភិបាលរងខេត្តចំនួន២រូប ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាជាបឋមទៅលើទិន្នន័យជាក់ស្ដែង ដើម្បីរកវិធីសាស្ត្រដោះស្រា​យ ព្រោះផលប៉ះពាល់វាមានទំហំធំ ក្នុងនោះរួមមាន ទី១ នៅទីប្រជុំជនស្គន់ ស្រុកជើងព្រៃ និងទី២ នៅទីប្រជុំជនផ្សារព្រៃទទឹង ស្រុកព្រៃឈរ ដែលទីប្រជុំជនទាំងពីរនេះ គឺសំបូរទៅដោយសំណង់រឹងមាំ ដូច្នេះយើងត្រូវគិតគូរឱ្យបានហ្មត់ចត់បំផុត។

ជាមួយគ្នានេះ អ៊ឹម សិទ្ធីរ៉ា បានលើកឡើងថា ជាគោលការណ៍ យើងមិនចង់ប៉ះពាល់ដីប្រជាពលរដ្ឋទេ ប្រសិនបើអាចបញ្ចៀសបាន ឬធ្វើលើដី របស់រដ្ឋដែលមាន។ ប៉ុន្តែដោយសារទីតាំងខ្លះការសិក្សាគម្រោង គឺចំបាច់ត្រូវតែឆ្លងកាត់សំណង់ ដែលជាទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ ដែលយើងត្រូវដោះស្រាយតាមអនុលោមគតិយុត្ត។

លោកបន្តថា ខេត្តកំពង់ចាម បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើន គួរឱ្យកត់សម្គាល់ ដោយកន្លងមកយើង មានគម្រោងហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ជាច្រើន ហើយជាចំណងដៃប្រវត្តិសាស្ត្រមួយទៀត ដែ​លខេត្តកំពង់ចាម នឹងទទួលបានឆាប់ៗខាងមុខនេះ គឺការលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ។

ចំណែកស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងប្រទេសកម្ពុជារបស់យើង គឺមានតម្រូវការភាពចាំបាច់បន្ទាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឈានទៅទាន់សភា​ពការណ៍ នឹងប្រទេសជិតខាងរបស់យើង ដែលគេមានផ្លូវតភ្ជាប់ខ្វាត់ខ្វែង ដើម្បីសម្រួលដល់បណ្ដាញដឹកជញ្ជូន ជំរុញដល់ការងារពាណិជ្ជកម្មក្នុង និងក្រៅតំបន់។

លោកបន្តថា “កម្ពុជារបស់យើង នឹងមានតម្រូវការចាំបាច់បន្ទាន់ ទៅលើកិច្ចការនេះ ខណៈដែលកម្ពុជាយើងមានផ្លូវល្បឿនលឿនរួចមកហើយ ដើម្បីបម្រើនូវគោលដៅលើកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិរបស់យើង ក៏ដូចជាការលើកកម្ពស់ស្តង់ដារប្រព័ន្ធដឹកជញ្ជូន”។

បន្ទាប់ពីកិច្ចប្រជុំ នៅរសៀលថ្ងៃដដែល ប្រតិភូអន្តរក្រសួង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែង នៅតាមបណ្តោយផ្លូវជាតិលេខ៧ ដែលត្រូវអនុវត្តគម្រោងនាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here